Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិ​ទីក្រុង​អូឡាំ​ព្យ៉ា មុខ​​មាត់​ថ្មី​រាជ​ធានី​ភ្នំពេញ

​ទីក្រុង​អូឡាំ​ព្យ៉ា មុខ​​មាត់​ថ្មី​រាជ​ធានី​ភ្នំពេញ

អំឡុងឆ្នាំ២០១៩ ខាងមុខ គម្រោងយក្សក្នុងការស្ថាបនាទីក្រុងកណ្ដាលភ្នំពេញនៅស្ដាតអូឡាំពិកនឹងត្រូវបញ្ចប់។ គម្រោងនេះត្រូវគេមើលឃើញថានឹងជួយអោយមុខមាត់ភ្នំពេញ ទាក់ទាញអ្នកទេសចរណ៍លើសពីការគ្រោងទុក បើទោះជាមានការរិះគន់ថាសំណង់ពហុកីឡាដ៏ល្បីឈ្មោះរបស់កម្ពុជាត្រូវបានរួមតូច និងអាចប្រឈមបាត់បង់ ព្រោះតែវត្តមានរបស់ទីក្រុងដ៏អស្ចារ្យនេះ។

build4

យោងតាមការប្រកាសរបស់ក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា OCIC  សំណង់បុរី Olympia City   គឺជាហិរញ្ញប្បទានផ្ទាល់របស់ធនាគារក្នុងស្រុកធំមួយ ដើម្បីកែប្រែតំបន់ជុំវិញបរិវេណស្ដាតអូឡាពិកកម្ពុជាអោយក្លាយជាទីក្រុងទំនើប និងអស្ចារ្យទាក់ទាញក្រសែភ្នែកអ្នកទេសចរណ៍។ សំណង់នេះបានផ្ដើមការសាងសង់ក្នុងឆ្នាំ2012  ដោយប្រកាសបញ្ចប់យ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០១៩។ សំណង់ទាំងមូលរួមមាន អគារលំនៅដ្ឋាន ខុនដូរខ្ពស់ៗ អគារការិយាល័យ ផ្សារទំនើបកម្ពស់៧ជាន់ សណ្ឋាគារ និង អគារពាណិជ្ជកម្មកម្រិងអន្តរជាតិមិនធ្លាប់មានដែលមានលក្ខណៈទាន់សម័យ និងស៊ីវិល័យ។ ទីក្រុង Olympia  ត្រូវបានគេសន្មត់ថា ជាឋានសួគ៌កណ្ដាលរាជធានី ដែលមិនមានសំណង់បុរីណាមួយប្រដូចបានឡើយ ជាពិសេសគឺទីតាំង និងរយៈចម្ងាយទៅកាន់តំបន់សំខាន់ៗនានានៅភ្នំពេញនោះផ្ទាល់តែម្ដង។ ទីក្រុងនេះត្រូវបានប្រកាសថានឹងក្លាយជាតំបន់ពាណិជ្ជកម្ម ជាកន្លែងកម្សាន្ត និងជាទីកន្លែងស្នាក់នៅដំបូងគេ ដែលមានភាពសំបូរបែបដែលអំណោយផលគ្រប់បែបយ៉ាងសម្រាប់ទាក់ទាញទាំងមនុស្សលំដាប់ខ្ពស់ និងលំដាប់កណ្ដាល។ ទីតាំងទាំងមូលក៏ត្រូវបានស្ថាបនាជាអាងហែលទឹក ក្លឹបហាត់ប្រាណ ភោជនីយដ្ឋាន និង SKY BAR សម្រាប់ទាក់ទាញអ្នកទេសចរណ៍ពេញរយៈពេល២៤ម៉ោងផងដែរ នៅលើផ្ទៃដីសរុបជាង៦ហិចតា ដែលស្ថិតស្ដាតអូឡាំពិក ដែលជាទីប្រជុំជនដ៏ពេញនិយម។ គំរោងទីក្រុងអូឡាំព្យា ទើបនឹងត្រូវបានទទួលពានរង្វាន់ជាទីតាំងអចលនទ្រព្យកម្រិតពិភពលោកប្រចាំឆ្នាំ2016 របស់ប្រទេសកម្ពុជា ដែលនឹងធ្វើអោយសោភ័ណ្ឌភ្នំពេញមានភាពទាក់ទាញមិនចាញ់តំបន់កោះពេញ និងផ្សារទំនើបអ៊ីអនម៉ល ដែលស្រូបទាញអ្នកទេសចរណ៍អោយចេញចូលយ៉ាងគគ្រឹកគគ្រេងនោះឡើយ។ សំណង់មួយនេះ មិនត្រូវបានបញ្ចេញតួលេខថាសាងសង់អស់ប៉ុន្មាននោះទេ ដោយគ្រាន់តែមានការទម្លាយថាចំណាយអស់រាប់ពាន់លានដុល្លារប៉ុណ្ណោះ។

build2

មន្ត្រីជាន់ប្រចាំរាជធានីភ្នំពេញសុទ្ធតែបង្ហាញពីការរំពឹងខ្ពស់ថា វត្តមានទីក្រុងOlympia  ជួយជំរុញអោយសន្ទុះរីកចំរើននៅតំបន់ភ្នំពេញមានការឈានឡើង។ លោកកែប ជុតិមា អតីតអភិបាលរាជធានីបានថ្លែងជាសាធារណៈថា ក្រោយពីសំណង់Olympia City រួចរាល់ សំណង់មួយនេះនឹងធ្វើអោយសម្រស់ភ្នំពេញ ប្រែក្លាយជាតំបន់ទាក់ទាញ មិនខុសគ្នានឹងទីក្រុងធំៗនៅបណ្ដាប្រទេសជិតខាង។ ក្នុងនោះគម្រោងមួយនេះ ក៏ទាក់ទាញគម្រោងធំៗបន្តបន្ទាប់អោយមានចំណាប់អារម្មណ៍ជួយអភិវឌ្ឍន៍ទឹកដីភ្នំពេញដែលមានការប្រែប្រួលផងដែរ។ មិនខុសពីលោកអះអាងគេកត់សម្គាល់ថាចាប់តាំងពីគម្រោង Olympia City  ដំណើរការគម្រោងបន្តបន្ទាប់ត្រូវបានវិនិយោគបណ្ដាក់គ្នាដូចកន្ទុយក្លែង ជាពិសេសតំបន់កោះពេជ្រ និងតំបន់ជាយក្រុងមួយចំនួន ដែលរុញអោយភ្នំពេញកាន់តែរីកធំជាងមុន។ ក្រុមអ្នកវាយតម្លៃអចលនទ្រព្យសុទ្ធតែយល់ស្របថា គម្រោងធំៗលេចឡើងនៅក្នុងតំបន់ណាមួយ វាជៀសមិនផុតនោះទេ ក្នុងការកន្ទ្រាក់គម្រោងធំៗផ្សេងទៀតអោយចុះមកបោះទុនដូចគ្នាដើម្បីធ្វើប្រកួតប្រជែង។ អ៊ីចឹងហើយបានតម្លៃដីធ្លី និងតម្លៃអចលនទ្រព្យមានកម្រិតស្ទុះឡើងឥតឈប់នៅរាជធានីភ្នំពេញ តួយ៉ាងដូចជាតំបន់ជុំវិញគម្រោង Olympia City ជាដើម។ យ៉ាងណាមិញ គម្រោងទីក្រុងនេះ ក៏ធ្វើអោយមានមតិរិះគន់ជាច្រើនផងដែរ ពីក្នុងស្រទាប់មហាជនដែលមិនចង់បាត់បង់សំណៅដើមនៅស្ដាតអូឡាំពិក។

build3

លោកវណ្ណ មុលីវណ្ណ ស្ថាបនិកស្ដាតអូឡាំពិក បានបង្ហាញអារម្មណ៍សោកស្ដាយដែលបរិវេណទីស្នាក់ការកីឡាដ៏ធំ និងល្បីឈ្មោះរបស់ប្រទេសកម្ពុជាត្រូវបានប្រគល់អោយជាប្រយោជន៍ដល់ក្រុមឈ្មូញមួយក្ដាប់។ លោកបានបញ្ជាក់ថាសំណង់ថ្មីនៅលើបរិវេណស្ដាតអូឡាំពិកគឺជាការបាត់បង់អត្តសញ្ញាណរបស់ពហុកីឡាដ្ឋានដ៏ចំណាស់របស់សម័យសង្គមរាស្រ្តនិយម និងជាបំបាត់ស្នាដៃរបស់លោកដែលបានសាងឡើងនៅថ្ងៃណាមួយ។ បើទោះសំណង់តារាបាល់ និងពហុកីឡាអូឡាំពិកដែលប្រើសម្រាប់ប្រកួតបាល់ទះ នឹងត្រូវបានគេរក្សាទុក ដើម្បីទុកប្រកួតកីឡាធំៗ ប៉ុន្តែវត្តមានរបស់ Olympia City  នៅតែធ្វើអោយគេមើលឃើញពីការបាត់ខ្លួន សំណង់ទាំងនោះសម្រាប់ដំណាក់កាលក្រោយៗ ជាពិសេសនៅពេលទីក្រុងមួយនេះ កាន់តែមានប្រជាប្រិយភាព និងមានការទទួលស្គាល់ក្នុងក្រសែភ្នែកអ្នកទេសចរណ៍។ ក្នុងនោះសូម្បីតែអ្នកមិនចង់ឃើញការបាត់បង់បរិវេណស្ដាតអូឡាំពិកទៅក្រុមហ៊ុនឯកជន ក៏បង្ហាញពីការសោកស្ដាយដែលទីក្រុងមួយនេះ ជាសំណង់ជ្រៀតជ្រែកស្ដាតអូឡាពិក ដែលធ្លាប់តែមានផ្ទៃដីធំទូលាយ សម្រាប់អត្តពលិកហ្វឹកហាត់ និងសម្រាប់មហាជនដើរហាត់ប្រាណលេងនោះផងដែរ។ អ៊ីចឹងហើយទើបគេមើលឃើញថា សំណង់ Olympia  City  គឺជាសំណង់ដែលមានអត្តប្រយោជន៍សម្រាប់ទាក់ទាញវិស័យវិនិយោគ និងអ្នកទេសចរណ៍នៅភ្នំពេញ ប៉ុន្តែក៏មានគុណវិបត្តិក្នុងក្រសែភ្នែកមហាជន។ គាប់ជាសំណង់ទាំងមូលក៏ធ្វើលយកៀកបណ្ដោយផ្លូវធំ ដែលធ្លាប់បង្កអោយមានគ្រោះថ្នាក់ដល់អ្នកដំណើរនៅក្បែរសំណង់កន្លងមកផង ទើបធ្វើអោយមានការរិះគន់។ យ៉ាងណាមិញ គេនៅតែមើលឃើញថាសំណង់ Olympia City  កំពុងទាក់ទាញមហាជន ជាពិសេសនៅពេលគម្រោងប្លង់ត្រូវបានបង្ហាញ និងក្នុងពេលដំណាក់កាលសាងសង់កាន់តែលេចរូបរាង៕

ដោយ ៖ ប៉េង លី

RELATED ARTICLES