Monday, May 26, 2025
Homeព័ត៌មានជាតិដុកទ័រសេះហោះ៣នាក់ ក្លែងបន្លំសញ្ញាបត្រ សមត្ថកិច្ចតាមចាប់

ដុកទ័រសេះហោះ៣នាក់ ក្លែងបន្លំសញ្ញាបត្រ សមត្ថកិច្ចតាមចាប់

ភ្នំពេញ ៖ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានរកឃើញថា មានជនសង្ស័យចំនួន ៣នាក់ បានធ្វើការក្លែងបន្លំសញ្ញាបត្រវេជ្ជបណ្ឌិត ដែលពេលនេះ សមត្ថកិច្ចជំនាញ កំពុងតាមវែកមុខយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

យោងតាមលិខិតរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ធា គ្រុយ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ជម្រាបមកលោកប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ដែល «នគរធំ» ទើបទទួលបាននៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រោយពីមានការសង្ស័យចំពោះសញ្ញាបត្រវេជ្ជបណ្ឌិតរបស់ឈ្មោះសាយ សុវណ្ណ ឈ្មោះម៉ក់ សុខជា និងឈ្មោះខា វ៉េងហួត ដែលបានយកទម្រង់តាមសញ្ញាបត្ររបស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានស្នើសុំការផ្ទៀងផ្ទាត់ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានចេញលិខិតបញ្ជាក់ថា សញ្ញាបត្រវេជ្ជបណ្ឌិត របស់អ្នកទាំង ៣ ខាងលើ ពុំមែនជាសញ្ញាបត្រដែលចេញដោយ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលទេ។

ជាមួយគ្នានេះ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ធា គ្រុយ បានស្នើឱ្យលោកប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពង់ស្ពឺ មានវិធានការ រួមមាន ៖

១- ដកហូតសញ្ញាបត្រដើមរបស់ សាយ សុវណ្ណ ម៉ក់ សុខជា និង ខា វ៉េងហួត។

២- ធ្វើលិខិតជូនមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ស្តីពីការក្លែងបន្លំឯកសារ។

៣- ជូនដំណឹងទៅគណៈគិលានុបដ្ឋាក និងគណៈវិជ្ជាជីវៈសុខាភិបាលដទៃទៀត បើមានភាពចាំបាច់ ដោយពួកគាត់ភាគច្រើន ជាគិលានុបដ្ឋាក ហើយរមែងបានចុះបញ្ជី ជាមួយគណៈគិលានុបដ្ឋាក

៤- ក្រោយមានវិធានការទាំងអស់ហើយ សូមលោកប្រធាន រៀបចំឱ្យមានរបាយការណ៍ត្រឡប់មកថ្នាក់ជាតិវិញ ដើម្បីគណៈគ្រូពេទ្យជាតិ រៀបចំផ្សព្វផ្សាយតាមគេហទំព័រ (Website) និងទំព័រហ្វេសប៊ុក (Facebook Page) របស់គណៈគ្រូពេទ្យជាតិ៕

RELATED ARTICLES