Wednesday, July 16, 2025
Homeតារាខ្មែរខេម មិនដូចកាលចូលដំបូង

ខេម មិនដូចកាលចូលដំបូង

ខេម ស្ថិតក្នុងចំណោមតារាចម្រៀងទាំង៣ ដែលផលិតកម្ម Galaxy លើកស្ទួយ ក្នុងនោះ ២ដួងទៀត មានលោកព្រាប សុវត្ថិ និងកញ្ញាតន់ ច័ន្ទសីម៉ា។ ប៉ុន្ដែតាំងពីព្រាប សុវត្ថិ ទៅ Galaxy ដែរ ខេម ហាក់មិនសូវមានភាពលេចធ្លោខ្លាំងដូចមុនទេ បើទោះជាតារាចម្រៀងសំនៀងស្អករូបនេះ នៅតែមានបទចម្រៀងចេញជាបន្ដបន្ទាប់ក្ដី។

ទោះជាយ៉ាងណា អ្នកជំនាញសិល្បៈបានលើកឡើងថា ខេម ជាអ្នកចម្រៀងសំនៀងស្អក ដែលយុវវ័យចូលចិត្តច្រើន គ្មានតារាណាដណ្ដើមតំណែងបានទេ។ ប៉ុន្តែការនៅទ្រឹងរបស់ខេម នាចុងក្រោយនេះ អាចមកពីឥទ្ធិពលកំពូលតារាចម្រៀងព្រាប សុវត្ថិ ដែលកេរ្ដិ៍ឈ្មោះរបស់លោកបានគ្របទៅលើតារាទាំងមូលនៅផលិតកម្មនេះតែម្ដង។

ដោយមិនសំដៅថាជាតារាម្នាក់ណានោះ អ្នកចម្រៀងរ៉ាប៊ី របស់ថោន បាននិយាយដោយប្រយោលថា តាមការសង្កេតរបស់នាងតារាចម្រៀងដែលចេញពីថោន គ្មានអ្នកណាលេចធ្លោខ្លាំងនោះទេ ហេតុនេះហើយនាងគ្មានគម្រោងផ្លាស់ប្ដូរផលិតកម្មក្នុងពេលនេះឡើយ។

ថ្វីត្បិតែលោកប៉ុន សុណារិន្ទ ហៅខេម មិនសូវរះត្រដែតដូចមុនក្ដី ប៉ុន្ដែអតីតតារាថោន រូបនេះ បានក្លាយទៅជាថៅកែហាងផឹកស៊ីមួយកន្លែង ដោយបោះទុនដល់ទៅ២០ម៉ឺនដុល្លារ ហើយនៅថ្ងៃសម្ពោធនោះ ខេម បានអះអាងថា អាជីពសិល្បៈមិនឋិតថេរឡើយ ហេតុនេះហើយលោកត្រូវតែមានមុខរបរមួយ សម្រាប់ពេលវ័យចាស់ទៅ។

អតីតអ្នករត់ម៉ូតូឌុប ក្លាយទៅជាតារាចម្រៀងល្បីរូបនេះ ក៏បានសារភាពថា មានសង្សារនៅបារាំង ឈ្មោះ ”ស្រីកា” តែលោកមិនទាន់មានគម្រោងដឹកដៃអនាគតប្រពន្ធរៀបការឡើយ បើទោះជាបានស្រលាញ់គ្នាជាង៤ឆ្នាំ ហើយពេលនេះបណ្ដូលចិត្តកំពុងរស់នៅស្រុកខ្មែរក្ដី។

ក្រៅពីខេម តារាដែលបើកហាងនៅរដូវកូវីដ-១៩នេះ មានដូចជា លោករ៉ាស៊ី, កញ្ញាយូរី និងសូដា នីតា ជាដើម។ ដោយឡែក ខេម វិញ គេជឿថា នឹងមិនប្រឈមធ្លាក់កូដពេលផ្លាស់ប្ដូរទ្រនំនេះឡើយ ព្រោះតាមការបង្ហាញរបស់ Galaxy កន្លងមក បញ្ជាក់ថា រាល់បទចម្រៀងនីមួយៗរបស់ខេម មានអ្នកទស្សនារាប់លានឯណោះ៕

RELATED ARTICLES