ខេត្តកំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ នេះ បានបញ្ចោញនូវប្រតិកម្មតបនិងបំភ្លឺ ជុំវិញករណីបុរសម្នាក់បើកបរល្មើសច្បាប់ចរាចរណ៍ ហើយមិនទទួលខុសត្រូវ ដោយអាងបក្ខពួក ដៀលប្រមាថ លើមន្ត្រីអនុវត្តច្បាប់ និងថែមទាំង បានបង្ហោះព័ត៌មានចោទប្រកាន់សមត្ថកិច្ចថែមទៀត។

យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង៩ និង៤០នាទីព្រឹក នៅចំណុចផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ២១-២២ មន្ត្រីនគរបាលចរាចរណ៍ ដាក់គោលដៅ “អនុវត្តរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក” មានករណីរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-4852 អ្នកបើកបរមានឈ្មោះសយ សុធា ភេទប្រុស រស់នៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បើកពីទិសខាងជើងទៅ ទិសខាងត្បូង មកដល់គោលដៅត្រួតពិនិត្យមន្ត្រីចរាចរណ៍ឃើញអំពីកំហុស ៖

១-អ្នកបើកបររថយន្ត មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព (យោងអនុក្រឹត្យលេខ ៣៩ ចុះថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២០ មាត្រា៧ថ្មី ចំណុច ១.ខ ត្រូវផាកពិន័យជាប្រាក់ ៧៥០០០រៀល) ។
២-ផ្ទុកទំនិញខុសលក្ខណៈបច្ចេកទេស ច្បាប់ចែងក្នុងចំណុច ១.ង ចំណុចទី ៨ មាត្រា ៨ ថ្មី និង មាត្រា ៦៦ នៃច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក ត្រូវផាកពិន័យជាប្រាក់ ១៥០០០០រៀល។
បន្ទាប់មកមន្ត្រីនគរបាលនៅគោលដៅបានធ្វើការឃាត់ដើម្បីផាកពិន័យតាមច្បាប់ ប៉ុន្តែម្ចាស់រថយន្តមិនព្រមទទួលស្គាល់អំពីកំហុស មិនព្រមពិន័យតាមច្បាប់នោះទេ ដោយអាងអ្នកនេះអ្នកនោះ និងប្រើពាក្យសម្តីមិនសមរម្យមកលើមន្ត្រីអនុវត្តច្បាប់ ដោយនិយាយថា ខ្លួនទុកឡានចោលមួយឆ្នាំទៀតក៏មិនថ្វីដែរ រួចប្រាប់ថា យកទៅណាក៍យកទៅ និងបានធ្វើសកម្មភាពបង្ហោះព័ត៌មានចោទប្រកាន់សមត្ថកិច្ចថែមទៀតផង (គណនីហ្វេសប៊ុក ហេង ស្រីអូន)។

ក្រោយពីស្វែងរកអន្តរាគមន៍គ្រប់ច្រកល្ហក និងគ្រប់បណ្តាញមកឈ្មោះសយ សុធា ដឹងអំពីកំហុស និងបានសុំការយោគយល់ឱ្យខ្លួនថា ជាកំហុសលើកទី១ បើមានលើកក្រោយទៀតសុំឱ្យសមត្ថកិច្ចអនុវត្តតាមច្បាប់ និងសុំផាកពិន័យត្រឹមល្មើស ខ្សែក្រវ៉ាត់សុវត្ថិភាព ទឹកប្រាក់ ៧៥០០០រៀល។

ដោយយល់ឃើញថា បុគ្គលឈ្មោះ សយ សុធា ដឹងអំពីកំហុសនិងព្រមទទួលយកនូវការអនុវត្តច្បាប់ សមត្ថកិច្ចនៅគោលដៅបាន សម្រេចធ្វើការពិន័យតែចំណុចមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព “មាត្រា៧ថ្មី ចំណុច ១.ខ ត្រូវផាកពិន័យជាប្រាក់ ៧៥០០០រៀល” ដោយចេញវិក័យ បត្រត្រឹមត្រូវជូន៕
