ខេត្តកណ្តាល ៖ បុរសម្នាក់ទិញរថយន្តមួយគ្រឿង ក្នុងតម្លៃ៥ម៉ឺនដុល្លារ ដោយឱ្យមុន១ម៉ឺនដុល្លារ នៅខ្វះ៤ម៉ឺនដុល្លារទៀត ហើយយករថយន្តជិះទៅ ដោយសន្យាឱ្យបង្គ្រប់ពេលក្រោយ លុះដល់ថ្ងៃកំណត់សង បែរជាគេចវេះមិនព្រមសង ហើយឱ្យសែកអត់លុយ ត្រូវម្ចាស់រថយន្តប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនបាននៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ករណីរំលោភលើទំនុកចិត្ត ដែលបានកើតឡើងកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិចេតិយទ្រេត ឃុំវិហារលួង ស្រុកពញាឮ។

មន្ត្រីនគរបាលស្រុកពញាឮ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះសេង ចាន់រ៉ាវុត ភេទប្រុស ឆ្នាំកំណើត១៩៩៥ ជនជាតិខ្មែរ មុខរបរលក់ដីឡូត៍ មានលំនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ ចំណែកជនសង្ស័យមានឈ្មោះទេព ណាវុន ភេទប្រុស ឆ្នាំកំណើត១៩៨២ ជនជាតិខ្មែរ មុខរបរប្រធានក្រុមហ៊ុន ទេព ណាវុន (លក់ស្ករស) មានលំនៅភូមិស្តុក ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
ប្រភពដដែលបន្តថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ឈ្មោះហ៊ែល រ៉េត បានយករថយន្តរបស់ជនរងគ្រោះឈ្មោះសេង ចាន់រ៉ាវុត ម៉ាក MG RX8 ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 2BG-6948 យកមកលក់ទៅឱ្យជនសង្ស័យឈ្មោះទេព ណាវុន ក្នុងតម្លៃ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពីនិយាយត្រូវរ៉ូវគ្នា ជនសង្ស័យឈ្មោះទេព ណាវុន បានប្រគល់ប្រាក់មកឱ្យជនរងគ្រោះចំនួន១ម៉ឺនដុល្លារសិន ដោយសន្យាប្រគល់ប្រាក់គ្រប់ចំនួន៤ម៉ឺនដុល្លារទៀត នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២០។ លុះមកដល់ថ្ងៃកំណត់ប្រគល់ប្រាក់គ្រប់ចំនួន ជនសង្ស័យមិនព្រមសង ហើយបាន គេចវេះមិនចូលខ្លួនមកជួបដោះស្រាយជាមួយជនរងគ្រោះឡើយ។

រហូតមកដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ជនសង្ស័យឈ្មោះទេព ណាវុន បានចេញមូលប្បទានប័ត្រដែលកំណត់សាច់ប្រាក់ចំនួន៤ម៉ឺនដុល្លារ នៅធនាគារវឌ្ឍនៈចំកាត់ (ABA) ឱ្យទៅឈ្មោះហ៊ែល រ៉េត ជាមិត្តភក្តិរបស់ជនរងគ្រោះ ដើម្បីបើកប្រាក់ពីធនាគារ ឱ្យទៅជនរងគ្រោះឈ្មោះសេង ចាន់រ៉ាវុត (ម្ចាស់រថយន្ត) ប៉ុន្តែមូលប្បទានប័ត្រដែលជនសង្ស័យចេញឱ្យនោះ គឺគ្មានសាច់ប្រាក់ទេ។
ចាប់ពីថ្ងៃនោះមក ជនរងគ្រោះបានទូរស័ព្ទទៅជនសង្ស័យ តែមិនលើក ព្រមទាំងគេចវេះ ទើបជនរងគ្រោះដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ចោទជនសង្ស័យឈ្មោះ ទេព ណាវុន អំពីរឿងហេតុខាងលើនៅតែម្តង។

បន្ទាប់ពីកម្លាំងជំនាញទទួលបានពាក្យបណ្តឹង ភ្លាមនោះក៏ធ្វើការកោះហៅជនសង្ស័យខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងឃាត់ខ្លួនចាត់ការ តាមនីតិវិធី៕