ពិធីការិនីហង្សមាស អ្នកនាងប៉ែន ស្រីពេជ្រ បានដឹកដៃកំពូលស្នេហ៍ លោកឆេង ពន្លកនេត្រា រៀបការកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ដែលពិធីជប់លៀងធំធ្វើនៅភោជនីយដ្ឋានទន្លេបាសាក់២ ក្បាលថ្នល់។

នេះគឺជាការរៀបការបើកឆាកទ្រង់ទ្រាយធំរបស់អ្នកនាងប៉ែន ស្រីពេជ្រ នៅឆ្នាំថ្មី២០២១ ខណៈដែលកាលពីចុងឆ្នាំ២០២០ តារាមួយចំនួនដែលបានចូលរោងការ គឺធ្វើពិធីតែបែបលក្ខណៈគ្រួសារប៉ុណ្ណោះ ដោយសារតែកូវីដ-១៩ ផ្ទុះខ្លាំងពេក។

ចំណែកមង្គលការរបស់អ្នកនាងប៉ែន ស្រីពេជ្រ វិញ មានតារាប្រុសស្រីជាច្រើនដួងបានទៅចូលរួមអបអរសាទរ ពិសេសគឺតារាចម្រៀង និងពិធីករល្បីៗរបស់ហង្សមាស តែម្ដង។

ប៉ែន ស្រីពេជ្រ បានភ្ជាប់ពាក្យជាមួយលោកឆេង ពន្លកនេត្រា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ដែលស្វាមីរបស់នាង ត្រូវបានគេដឹងថា ជាកូនអ្នកជំនួញល្បីឈ្មោះម្នាក់។

ពិធីការិនីនិងតារាសម្ដែងស្រអែមស្រស់ អ្នកនាងស្រីពេជ្រ រីករាយជាខ្លាំងនៅពេលដែលនាងគ្រងឈុតកូនក្រមុំយ៉ាងស្រស់ស្អាត ហើយមានមិត្តរួមអាជីពជាច្រើនបានទៅអបអរសាទរនៅថ្ងៃពិសេសរបស់នាង។ នាងធ្លាប់ប្រាប់អ្នកកាសែតថា ក្រោយមានប្ដី គឺនៅតែបន្ដការងារពិធីការិនីនៅហង្សមាស ដដែល ព្រោះស្វាមីរបស់នាងមិនហាមឃាត់នាងក្នុងការលេងសិល្បៈឡើយ។

អ្នកនាងប៉ែន ស្រីពេជ្រ លេចធ្លោគួរសមនៅហង្សមាស ខណៈដែលស្ទីលនិយាយរបស់នាងត្រូវបានទស្សនិកជននិយាយថា នាងយកស្ទីលអត្ថាធិប្បាយស្រដៀងគ្នាទៅនឹងពិធីការិនីចាន់ កែវនិមល ដែរ។

ទោះជាយ៉ាងណា មុនរៀបការនេះ ស្រីពេជ្រ មិនដែលប៉ះរឿងស្នេហាជាមួយដៃគូឆ្លងឆ្លើយឡើយ ទើបធ្វើឲ្យស្វាមីរបស់នាងទុកចិត្ត និងអនុញ្ញាត្តិឲ្យស្រីស្រអែមស្រស់រូបនេះ លេងសិល្បៈតទៅទៀតដោយសេរីតែម្ដង៕


