Wednesday, July 16, 2025
Homeតារាខ្មែរពិធីការិនីហង្សមាស ប៉ែន ស្រីពេជ្រ ផ្អឹបគម្រោងមួយនេះសិន ក្រោយរៀបការ

ពិធីការិនីហង្សមាស ប៉ែន ស្រីពេជ្រ ផ្អឹបគម្រោងមួយនេះសិន ក្រោយរៀបការ

តារាសម្ដែងនិងជាពិធីការិនីហង្សមាស អ្នកនាងប៉ែន ស្រីពេជ្រ បានដឹកដៃលោកឆេង ពន្លកនេត្រា ដែលជាមន្រ្ដីបម្រើរការនៅព្រឹទ្ធសភា រៀបការកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ នៅភោជនីយដ្ឋានទន្លេបាសាក់២ (ក្បាលថ្នល់) ដោយរៀបចំជប់លៀងទទួលភ្ញៀវចំនួន៥០តុ។

គេឃើញមានតារារួមដំបូលហង្សមាស ដូចជា សុគន្ធ និសា, សុខ ស្រីនាង, នី រតនា, គង់ សុជាតិ និងចាន់ កែវនិមល ជាដើម បានទៅចូលរួមអបអរសាទរអ្នកនាងស្រីពេជ្រ នៅកម្មវិធីជប់លៀងពេលរាត្រីនោះ ខណៈដែលឱក សុគន្ធកញ្ញា បានដឹកដៃប្ដី លោកអ៊ឹង សុខលី ទៅកម្មវិធីពេលព្រឹក។

ប៉ែន ស្រីពេជ្រ បានឲ្យដឹងថា ដោយសារតែសម្តេចនាយកមន្រ្ដី បានប្រកាសឲ្យបើកកម្មវិធីមង្គលការវិញ ទើបនាងរៀបការនៅពេលនេះ ព្រោះមិនអាចលើកពេលបានទៀតទេ ដោយសារតែនាងគ្រោងធ្វើពិធីនេះម្ដងរួចទៅហើយ កាលពីចុងឆ្នាំ២០២០ តែអាក់ខានវិញ ព្រោះពេលនោះកូវីដ-១៩ ផ្ទុះខ្លាំងពេក។ ប៉ុន្ដែពេលនេះ កូវីដ-១៩ រាងស្ងាត់បន្ដិច ទើបនាងអាចរៀបការនៅពេលនេះតែម្ដង។

ពិធីការិនីសម្បុរស្រអែមស្រស់រូបនេះ បានឲ្យដឹងដែរថា ចំណងស្នេហានាងជាមួយលោកនេត្រា បានកើតមានរយៈពេល៦ឆ្នាំមកហើយ បន្ទាប់ពីនាងនិងសា្វមី បានជួបគ្នានៅកន្លែងហាត់ប្រាណមួយកន្លែង ហើយលោកនេត្រា បាន Add ហ្វេសប៊ុកទៅនាង និង Add ចុះឡើងៗ ក៏មានទំនាក់ទំនងគ្នារហូតមកដល់ថ្ងៃរៀបការនេះ។

ស្រីពេជ្រ បញ្ជាក់ថា ចំណុចពិសេសរបស់ស្វាមីនាង គឺចាប់តាំងពីស្គាល់គ្នាជាច្រើនឆ្នាំមក លោកច្បាស់លាស់ជាមួយនាងតែម្ដង ហើយជាមនុស្សយល់ចិត្តនាងច្បាស់ដែលជាសិល្បការិនីម្នាក់។

នាងបន្ថែមទៀតថា ក្រោយមានរៀបការនេះ ស្វាមីនាងមិនហាមឃាត់នាងក្នុងការបន្ដអាជីពសិល្បៈតទៅទៀតនោះទេ ប៉ុន្ដែនាងសម្រេចចិត្តផ្អាកថតសម្ដែង ព្រោះតែនៅហង្សមាស មានការងារធ្វើច្រើន អីចឹងនាងអាចនៅតែបន្ដអាជីពពិធីការិនីប៉ុណ្ណោះ។

អ្នកនាងប៉ែន ស្រីពេជ្រ បានភ្ជាប់ពាក្យជាមួយលោកឆេង ពន្លកនេត្រា ដែលជាអ្នករស់នៅអ្នកលឿង ខេត្តព្រៃវែង កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ហើយបន្ទាប់ពីរៀបការនេះ នាងថា មិនទាន់មានគម្រោងនាំប្ដីទៅក្រេបចន្ទទឹកឃ្មុំ (Honey Moon)​នៅទីណាទេ ដោយនាងថា គឺត្រូវផ្អឹបសិន ព្រោះពេលដែលនាងទៅថត Pre-Wedding នោះ នាងបាននាំប្ដីទៅថតនៅប្រាសាទព្រះវិហារ និងអង្គរវត្ត រួចទៅហើយ ដែលទៅថតផងដើរលេងផង អីចឹងក្រោយរៀបការនាងគិតថា នៅសម្ងំស្ងៀមនៅផ្ទះសិនចាំគិតទៀត។

ដោយឡែក ទាក់ទងការយកកូនវិញ ស្រីពេជ្រ ថា នាងចង់បានកូន តែក៏មិនទាន់កំណត់ថា ពេលណាត្រូវយកកូនឲ្យបាននោះដែរ៕

RELATED ARTICLES