ខេត្តកណ្តាល ៖ ស្ត្រីជាអ្នកលក់ចាប់ហួយម្នាក់ បានចាក់សោទ្វារផ្ទះ រួចចេញទៅដេកនៅផ្ទះម្តាយរបស់ខ្លួន ស្រាប់តែពាក់កណ្តាលយប់ ក៏មានហេតុការណ៍ឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) បង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យរងការខូចខាត ផ្ទះ និងទ្រព្យ របស់ អស់ទាំងស្រុង។
ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅត្រង់ ចំណុចផ្ទះលក់ចាប់ហួយមួយកន្លែង ស្ថិតក្នុងភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ។

ផ្ទះដែលទទួលរងការឆាបឆេះខាងលើ ជាប្រភេទផ្ទះសង់អំពីឈើ ជញ្ជាំងស័ង្កសី ប្រក់ស័ង្កសី សង់លើទឹកប្រឡាយ មានបណ្តោយ ១៥ម៉ែត្រង ទទឹង៧ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះនៅ ថាវី ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ដូរចាប់ហួយ និងមានលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ស្ត្រីរងគ្រោះជាម្ចាស់ផ្ទះបានចាក់សោទ្វារផ្ទះចោល រួចចេញទៅដេកនៅផ្ទះម្តាយបង្កើតរបស់ខ្លួន ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏កើតមានអគ្គិភ័យឆាប ឆេះឡើងយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យផ្អើលឆោឡោដល់អ្នកជិតខាង ជួយជះទឹកពន្លត់មិនឈ្នះ ក៏រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗតែម្តង។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថាមានករណីអគ្គិភ័យកើតឡើងនៅត្រង់ចំណុចកើតហេតុភ្លាម សមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ និងរាយការណ៍បន្តទៅខាងជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់ភ្លាមៗដែរ តែមិនអាចជួយទាន់ ដោយសារខណៈពេលកំពុងឆេះមានខ្យល់ខ្លាំង ហើយម្ចាស់ផ្ទះមិននៅក្នុងផ្ទះទៀត (ម្ចាស់បិទទ្វារចាក់សោទៅដេកផ្ទះម្តាយ) ទើបធ្វើឱ្យអណ្តាតភ្លើងឆាបឆេះលឿន តែកម្លាំងបានអន្តរាគមន៍ពន្លត់មិនឱ្យមានការឆេះរាលដាលដល់ផ្ទះនៅជិតសងខាងនោះឡើយ ដោយប្រើប្រាស់ ទឹកបាញ់ពន្លត់អស់ចំនួន ២រថយន្ត។

តាមការបញ្ជាក់ឱ្យដឹងពីម្ចាស់ផ្ទះរងគ្រោះ គ្រោះអគ្គិភ័យខាងលើនេះ បានបង្កឱ្យរងការខូចខាត រួមមាន ផ្ទះ១ខ្នងទាំងស្រុង ទូរសំលៀក បំពាក់២ ទូរទស្សន៍១ កន្ទេលមុងភួយ ខោអាវ សំបុត្រកំណើត ម្តាយនិងកូនទាំង៣នាក់ អង្ករ២៥គីឡូ និងសម្ភារចាប់ហួយសំរាប់លក់ដូរ មួយចំនួន។
តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចជំនាញ ហេតុការណ៍អគ្គិភ័យនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)៕