បន្ទាប់ពីរក្សាភាពស្ងៀមស្ងាត់ ជាង១ឆ្នាំនោះ ទីបំផុត ឱក សុគន្ធកញ្ញា បានសម្រេចិត្តចេញមកតតាំងទីផ្សារចម្រៀងសាជាថ្មីឡើងវិញ នៅខែមករា ឆ្នាំ២០២១ នេះ ទាំងរូបរាងនិងគីឡូរបស់នាង មិនទាន់វិលមកដូចដើម។ សុគន្ធកញ្ញ ថា ឈរលើគោលការណ៍មិនព្រមចុះចាញ់ ទើបនាងអាចឈានមកដល់ចំណុចដូចសព្វថ្ងៃនេះបាន។

នេះជាការតាំងចិត្តមួយរបស់ឱក សុគន្ធកញ្ញា ខណៈដែលនាងគ្មានបទល្បីដូចមុននេះ គេសង្កេតឃើញថា មានតែអតីតកូនក្រុមរបស់នាង ក្នុងកម្មវិធី “The Voice Cambodia” រដូវកាលទី២ កញ្ញាតន់ ច័ន្ទសីម៉ា ប៉ុណ្ណោះ ដែលធ្វើព្យុះភ្លៀងចេញបទចម្រៀងស្ទើររាល់ថ្ងៃ ហើយអ្នកគ្រប់គ្រង Galaxy បានចាត់ទុកកញ្ញាសីម៉ា ថាជាតារាលំដាប់ Grade A ទៀតផង។

ដោយឡែក ឱក សុគន្ធកញ្ញា វិញ ទោះជាពេលនេះ មានប្ដីនិងកូន១ក្ដី ប៉ុន្ដែអ្នកដឹកនាំកម្មវិធីសិល្បៈនៅតែអះអាងថា ប្អូនថ្លៃថៅកែហង្សមាស រូបនេះ មិនព្រមទម្លាក់ថ្លៃច្រៀងរាំ ឬថតស្ពតឡើយ គឺនៅតែស្ថិតក្នុងចំណោមតារាដែលមានតម្លៃខ្លួនថ្លៃដូចមុនដដែល។

អ្វីដែលគួរឲ្យកត់សម្គាល់ផងដែរ ឱក សុគន្ធកញ្ញា ចេញមកលើកនេះ នៅពេលដែលតារាចម្រៀងស្រីជូរមុខរបស់ហង្សមាស ដូចជា អ្នកនាងពេជ្រ សោភា, សួស វីសា និងសុគន្ធ និសា ជាដើម នៅតែស្ងប់ស្ងាត់ដូចគ្នា ហេតុនេះហើយគេជឿថា សុគន្ធកញ្ញា នៅតែមានប្រៀបជាងតារាផ្សេងៗទៀតដដែល ក្នុងការកាន់កាប់តំណែងកំពូលនៅផលិតកម្ម ដែលមានម្ចាស់ជាបងថ្លៃរបស់នាងនេះ គឺដូចការសន្និដ្ឋានរបស់អ្នកជំនាញសិល្បៈ ដែលលើកឡើងថា ហង្សមាស នឹងមិនបណ្ដោយឲ្យតារាណានៅលើសុគន្ធកញ្ញា ឡើយ។

អ្វីដែលសុគន្ធកញ្ញា កាន់តែកក់ក្ដៅថែមទៀតនោះ តាមព័ត៌មានថា ស្វាមីរបស់នាង គឺលោកអ៊ឹង សុខលី នឹងគ្រោងនឹងបន្ថែមតំណែងជាគ្រូបង្វឹក និងគណៈកម្មការថ្មីឲ្យនាងថែមទៀត បន្ទាប់ពីមានតែសុគន្ធកញ្ញា ម្នាក់គត់ ដែលត្រូវប្ដីប្រគល់តំណែងធំឲ្យដល់ទៅ៤ផ្សេងគ្នា ក្នុងតួនាទីជា Coach និង Judge នៅកម្មវិធី “The Voice Cambodia”, “The Voice kids Cambodia”, “Cambodian Idol” និង “X Factor Cambodia”។

គេថា តំណែងទាំង៤ ដែលមានស្រាប់នេះ សុគន្ធកញ្ញា ស្ទើរតែមានសុវត្ថិភាពទៅហើយ ក្នុងការរក្សាមិនឲ្យកេរ្ដិ៍ឈ្មោះធ្លាក់ចុះ បើទោះជាមិនអាចស្ទុះឡើងថែមទៀតក៏ដោយ។
ឱក សុគន្ធកញ្ញា ធ្លាប់ត្រូវបានអ្នកស្រីឌី សាវ៉េត ចាត់ទុកថា ជាតារាមានសំណាង ក្រោយក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស ដែលជាក្រុមហ៊ុនមួយ បណ្ដុំទៅដោយសិល្បៈជាច្រើនទម្រង់។

ចំណែកឥទ្ធិពលរបស់នាងនៅពេលនេះ ត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថា ប្រៀបបានថៅកែ ឬម្ចាស់ផលិតកម្មហង្សមាស ទៅហើយ បើទោះជាសុគន្ធកញ្ញា មិនដែលប្រើអំណាចទាំងនោះ ដាក់បុគ្គលិកទាំងឡាយនៅហង្សមាស ក្ដី។
ប៉ុន្ដែការចេញវាយលុកទីផ្សារចម្រៀងឡើងវិញរបស់សុគន្ធកញ្ញា នៅពេលនេះ ទោះជានាងមានការគាំទ្រនិងលើកទឹកចិត្តយ៉ាងពេញទំហឹងពីស្វាមីក្ដី តែតារារួមអាជីពភាគច្រើននៅតែចាត់ទុកថា សុគន្ធកញ្ញា នឹងមិនអាចល្បីល្បាញ ឬខ្លាំងក្លាដូចកាលនៅលីវបានឡើយ។

ដែលការយល់ឃើញបែបនេះ គឺខុសពីលោកម៉ិញ សុធីវណ្ណ ដែលធ្លាប់អះអាងថា ១០០% សុគន្ធកញ្ញា កាន់តែល្បីថែមទៀត ក្រោយពេលនាងក្លាយទៅជាសាច់ញាតិក្រុមគ្រួសារថៅកែហង្សមាស នេះ។
ឱក សុគន្ធកញ្ញា រៀបការកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ និងសម្រាលកូនថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយដាក់ឈ្មោះថា អ៊ឹង បញ្ញាបុត្រ ហៅ Charlie។

ទស្សនិកជនរង់ចាំមើលថា ឱក សុគន្ធកញ្ញា នឹងនៅតែខ្លាំងទៀត ឬធ្លាក់កូដនៅឆ្នាំ២០២១នេះ ក្រោយពីនាងបានបន្ធូរដៃ អស់១៣ខែហើយ ទើបតែតាំងចិត្តវាយលុកទីផ្សារចម្រៀងសាជាថ្មីវិញ ទាំងមានព្រលឹងជាងមុនបែបនេះ៕ ហ៊ឹម វិចិត្រ