ខេត្តកណ្តាល ៖ គូស្នេហ៍វ័យក្មេងមួយគូ បានស្រលាញ់ រួមរស់ជាមួយគ្នាដូចប្តីប្រពន្ធ អស់រយៈពេល៦ខែមកហើយ និងត្រូវភាគីស្រី ចេះតែសួរនាំពីរឿងចូលស្តីដណ្តឹង រៀបការឱ្យបានពេញមុខមាត់ តែភាគីប្រុសចេះតែរកលេសគេចវេះរហូត លុះចុងក្រោយ ភាគីប្រុសខឹងស្រីស្នេហ៍បង្ខំឲ្យចូលដណ្តឹង ក៏វាយបំផ្លាញម៉ូតូរបស់នារីជាសង្សា និងឈានដល់ការប្រតាយប្រតប់គ្នា ទីបំផុតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅសាកសួរ។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅចំណុចក្នុងអគារវប្បធម៌ ស្ថិតក្នុងភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
នារីរងគ្រោះ មានឈ្មោះវង្ស សុជាតា អាយុ១៧ឆ្នាំ មុខរបរលក់ដូរ មានលំនៅក្នុងភូមិ-សង្កាត់កើតហេតុខាងលើ។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះមឿន ហុងម៉េង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។ សម្ភារ:ខូចខាត រួមមាន បែកបាក់កុងទ័រម៉ូតូ និងបែកអេក្រង់ទូរស័ព្ទ ចំនួន ១គ្រឿង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានទាក់ទងស្នេហាគ្នាជាមួយនារីរងគ្រោះ អស់រយៈពេលជាង ៦ខែមកហើយ និងថែមទាំងបានរួមរស់នៅជាមួយគ្នាដូចប្តីប្រពន្ធទៀតផង ដោយភាគីប្រុស បានសន្យាថា នឹងចូលស្តីដណ្តឹង រៀបការ ជាគូអនាគត។ ក្រោយមក ដោយចាំបាត់ៗ មិនឃើញប្រុសស្នេហ៍ចូលស្តីដណ្តឹង ទើបភាគីស្រី បានព្យាយាមសួរនាំ បែរជាប្រុសស្នេហ៍ រកលេសនេះលេសនោះ ដោះសារជាប់ជានិច្ច។

ប្រភពដដែល បន្តថា លុះមកដល់ថ្ងៃកើតហេតុ ដោយសង្ស័យថា ប្រុសស្នេហ៍ចង់គេចវេះ ដោះដៃ ទើបភាគីស្រី បានសួរនាំជាថ្មីម្តងទៀត និងបានបង្ខំឱ្យប្រុសស្នេហ៍ ហៅឪពុកម្តាយឱ្យចូលស្តីដណ្តឹងនាងឱ្យបានឆាប់ៗ ស្រាប់តែភាគីប្រុសមិនព្រម ធ្វើឱ្យកើតមានជម្លោះតឹងសរសៃដាក់គ្នា រហូតដល់ភាគីប្រុស បញ្ចេញកំហឹងទៅលើម៉ូតូរបស់នារីជាសង្សារ បណ្តាលឱ្យបែកកុងទ័រ ទើបធ្វើឱ្យភាគីស្រីខឹង ស្ទុះទៅប្រតាយប្រតប់គ្នា និងធ្វើឱ្យជ្រុះទូរស័ព្ទ បែកអេក្រង់ អស់ ១ថែមទៀត។

ក្រោយមក ដោយជនរងគ្រោះមិនសុខចិត្ត ក៏បានទៅដាក់ពាក្យប្តឹងសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅ ឱ្យចុះមកឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់តែម្តង។

ជនសង្ស័យត្រូវឃាត់ខ្លួននៅអធិការដ្ឋានក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី៕