Wednesday, July 16, 2025
Homeព័ត៌មានជាតិសែនស្តាយធនធាននិស្សិតពេទ្យ រៀនដល់ស្រុកគេ បែរជាជួបរឿងអកុសល

សែនស្តាយធនធាននិស្សិតពេទ្យ រៀនដល់ស្រុកគេ បែរជាជួបរឿងអកុសល

ភ្នំពេញ ៖ នារីម្នាក់ជាអតីតនិស្សិតពេទ្យឆ្មប ជាប់អាហារូបករណ៍ទៅរៀននៅប្រទេសថៃ លុះខំប្រឹងរៀនពេក រហូតដល់បែកកម្មដ្ឋាន កើតមានជំងឺសរសៃប្រសាទ ត្រូវបានខាងសាសាលាឲ្យសម្រាក ដោយឲ្យក្រុមគ្រួសារនាំមកផ្ទះវិញ ស្រាប់តែរត់ចេញពីផ្ទះបាត់រយៈពេលប្រមាណជាង២ខែ ទោះជាក្រុមគ្រួសារតាមរកយ៉ាងណាក៏មិនឃើញ ចុងក្រោយបែរជាប្រទះឃើញចងកសម្លាប់ខ្លួននៅដើមពុទ្រាក្នុងដីឡូត៍មួយកន្លែង។

ករណីនិស្សិតពេទ្យចងកធ្វើអត្តឃាតខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង៣០ព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅចំណុចដីឡូត៍មួយកន្លែង នៅតាមផ្លូវកែវចិន្តា ក្នុងក្រុម១២ ភូមិ០១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

នារីជាអតីតនិស្សិតពេទ្យ ដែលចងកសម្លាប់ខ្លួននោះ  មានឈ្មោះឈីវ សំអុន អាយុ៣១ឆ្នាំ ស្នាក់នៅជាមួយបងប្អូន នៅផ្ទះលេខ 146D ផ្លូវលំ ភូមិ០២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

តាមប្រភពពីបងស្រីរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្អូនស្រីរបស់គាត់ (នារីរងគ្រោះ ឈ្មោះឈីវ សំអុន) មានជំងឺសរសៃប្រសាទប្រមាណជិត១០ឆ្នាំមកហើយ និងរយៈពេលប្រមាណជិត២ខែកន្លងទៅនេះ នាងក៏បានរត់ចេញពីផ្ទះបាត់ មិនដឹងទៅទីណា ស្រាប់តែចុងក្រោយទទួលដំណឹងពីសមត្ថកិច្ចថា ចងកសម្លាប់ខ្លួនបែបនេះតែម្តង។

បងស្រីនារីរងគ្រោះ បានបន្តថា ជនរងគ្រោះគឺជាអតីតនិស្សិតពេទ្យ ដែលរៀនពូកែ ប្រឡងជាប់អាហារូបករណ៍ទៅរៀននៅប្រទេសថៃ រហូតដល់ជិតចប់ទៅហើយ តែដោយសារតែការខិតខំប្រឹងរៀនខ្លាំងពេក បណ្តាលឱ្យនាងរលាកខួរក្បាល មានជំងឺសរសៃប្រសាទ (បែកកម្មដ្ឋាន) ទើបខាងសាលា បានសម្រេចឲ្យនាងសម្រាកពីការសិក្សា ហើយទាក់ទងមកក្រុមគ្រួសារឱ្យទៅទទួលយកមកស្រុកកំណើតវិញ បែជាចុងក្រោយបានបញ្ចប់ជីវិតខ្លួនឯង ដោយចងកសម្លាប់ខ្លួនតែម្តង។

សមត្ថកិច្ចបានឱ្យដឹងថា នារីរងគ្រោះបានចងកសម្លាប់ខ្លួន ដោយប្រើខ្សែគោ ចងកភ្ជាប់ទៅនឹងដើមពុទ្រាក្នុងព្រៃ ហើយត្រូវបានក្មេងៗក្នុងភូមិ ដែលទៅបេះផ្លែពុទ្រា ប្រទះឃើញ ក៏រត់មកប្រាប់ឪពុកម្តាយ និងរាយការណ៍ទៅនគរបាលមូលដ្ឋានចុះទៅពិនិត្យ និងស្រាវជ្រាវរកសាច់ញាតិសព។

សពនារីរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកទៅតម្កល់នៅឈាបនដ្ឋានវត្តពោធិយារាម ហៅវត្តចាស់ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES