ភ្នំពេញ ៖ អាកាសធាតុនៅប្រទេសកម្ពុជា នឹងបន្តចុះត្រជាក់ខ្លាំង ដល់ ១១អង្សាសេ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នេះបើតាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី១៣ -១៩ ខែមករា ឆ្នាំ២០២១) របស់ក្រសួងធនធានទឹកនិងឧតុនិយម ដែល «នគរធំ» ទទួលបាន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។
សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នោះ បានឲ្យដឹងដូចខាងក្រោម ៖
ទ្រនុងសម្ពាធខ្ពស់ ពីភាគខាងជើង បាននិងកំពុងធ្លាក់ចុះមកក្រោម គួបផ្សំជាមួយខ្យល់មូសុងឦសានខ្លាំង។
-នៅថ្ងៃទី១៣-១៥ ខែមករា ខ្យល់មូសុងឦសាន បក់ខ្លាំង។
-នៅថ្ងៃទី១៦-១៩ ខែមករា ខ្យល់មូសុងឦសាន ថមថយមកក្នុងកម្រិតពីមធ្យម ទៅបង្គួរ។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យ ៖
១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
នៅថ្ងៃទី១៣-១៥ ខែមករា ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៣-១៦អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៣-២៦អង្សាសេ
នៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៨-២១អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៧-៣០អង្សាសេ។
២- តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន
នៅថ្ងៃទី១៣-១៥ ខែមករា ៖
– សីតុណ្ហភាពអប្បបរមា មានពី ១១-១៤អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៣-២៦អង្សាសេ
នៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៦-១៩អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៧-៣០អង្សាសេ។

៣- តំបន់មាត់សមុទ្រ ៖
នៅថ្ងៃទី១៣-១៥ ខែមករា ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១អង្សាសេ
នៅលើផ្ទៃសមុទ្រ មានខ្យល់ និងរលកសមុទ្រខ្ពស់ៗ។
នៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៩-២២អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៧-៣០អង្សាសេ។
អាស្រ័យស្ថានភាពធាតុកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជ្រាបជាព័ត៌មាន។ ប្រជាពលរដ្ឋ និងជាពិសេសវីរកងទ័ព រស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាព ចំពោះធាតុអាកាសដែលបន្តត្រជាក់នៅតំបន់នោះ៕