ភ្នំពេញ ៖ បុរសម្នាក់ចុះពីលើរថយន្តដោយមិនបានពន្លត់ម៉ាស៊ីន រួចដើរទៅទិញអីវ៉ាន់មួយភ្លែត ស្រាប់តែមានជនសង្ស័យម្នាក់ឡើងបើកចេញទៅ ឃើញបែបនេះ ម្ចាស់រថយន្តក៏ស្រែក ចោរៗឆោឡោឡើងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដេញតាមចាប់ កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅចំណុចស្តុបផ្សារដើមគ តាមបណ្តោយផ្លូវព្រះមុនីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បើករត់រហូតទៅដល់ផ្លូវលេខ៣១៥ កែងនឹងផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់បឹកកក់២ ខណ្ឌទួលគោក ទើបជនសង្ស័យឈប់រថយន្ត ហើយចុះរត់គេចខ្លួនបាត់ទៅ។

តាមប្រភពព័ត៌មានពីម្ចាស់រថយន្ត បានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានបើករថយន្តម៉ាកម៉ាស្តា ពណ៌កណ្តុរល្មែះ ពាក់ស្លាកលេខ រដ្ឋ ១៣. ២-២៦៨៨ មកទិញ តុក្កតាឱ្យកូននៅចំណុចខាងកើតស្តុប ខណៈចុះពីលើរថយន្តទៅទិញតុក្កតា ដោយមិនបាន ពន្លត់ម៉ាស៊ីន ស្រាប់តែមានជនសង្ស័យម្នាក់មកឡើងបើករថយន្តចេញទៅ។

ភ្លាមនោះ រូបគាត់ឃើញទាន់ក៏ស្រែកចោរៗ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយដេញតាម រហូតទៅដល់ផ្លូវលេខ៥៩៨ កែងនឹងផ្លូវលេខ៣១៥ ដែល ជាកន្លែងភ្លើងស្តុប និងកកស្ទះចរាចរណ៍ផងនោះ ទើបជនសង្ស័យចុះពីលើរថយន្តហើយរត់គេច ខ្លួនបាត់ទៅ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបាន ចុះទៅដល់ និងនាំជនរងគ្រោះទៅដាក់ពាក្យ-បណ្តឹង នៅអធិការដ្ឋានគរបាលខណ្ឌទួលគោក ដើម្បីឱ្យកម្លាំងសមត្ថកិច្ចស្រាវជ្រាវកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕
