ខេត្តកំពង់ស្ពឺ ៖ មន្ត្រីយោធាមួយរូប ជាគ្រូបង្វឹកលោតឆត្រយោង ដែលមានបទពិសោធន៍រាប់ឆ្នាំមកហើយ បានជួបនឹងឧបទ្ទវហេតុលោតឆត្រទាក់គ្នាជាមួយនឹងសិក្ខាកាម (កូនសិស្ស) បណ្តាលឱ្យធ្លាក់ដីស្លាប់យ៉ាងអាណោចអាធ័ម ខណៈកូនសិស្សរងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅក្នុងបរិវេណសាលាហ្វឹកហ្វឺនពិសេស តេជោសែន ឱរ៉ាល់ ស្ថិតក្នុងស្រុកឱរ៉ាល់។

ជនរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់លោតឆត្រយោងខុសបច្ចេកទេសខាងលើ មានឈ្មោះលឹម សាយ ជាមន្ត្រីយោធា មានឋានន្តរស័ក្តិ វរសេនីយត្រី (ស័ក្តិ៤) និងមានតួនាទីជាគ្រូបង្វឹកលោតឆត្រយោង ប្រចាំសាលាហ្វឹកហ្វឺនពិសេស តេជោសែន ឱរ៉ាល់ និងមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាសិក្ខាកាមវគ្គហ្វឹកហ្វឺនជំនាញកុម្មង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី២៩។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ហេតុការណ៍ធ្លាក់ឆត្រយោង ខាងលើនេះ បានកើតឡើងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញកុម្មង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែន ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយមូលហេតុនៃការធ្លាក់នេះ គឺដោយសារពេលលោតឆត្រយោង ទាក់ខ្សែគ្នា ទើបធ្លាក់មកដីស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់តែម្តង។

ពាក់ព័ន្ធករណីខាងលើនេះ បញ្ជាការដ្ឋានទ័ពពិសេស បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុករបស់ខ្លួន នៅរសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ថា “សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ដែលចាប់ពីពេលនេះតទៅ យើងបានបាត់បង់នាយទាហានដ៏ល្អមួយរូប ជារៀងរហូតហើយ!

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៤,០១,២០២១ លោកវរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូផ្សេងទៀត ចំនួន១៣នាក់ បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកុម្មង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោង ជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោង ជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែន ឱរ៉ាល់ ដោយលោកវរសេនីយ៍ត្រី លឹម សាយ បានខុសលក្ខណៈបច្ចេកទេសក្នុងការបញ្ជាឆត្រ បានធ្វើឱ្យមានគ្រោះថ្នាក់ រងរបួសធ្ងន់ បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង ១២ៈ៣០នាទី ទើបអង្គភាពទទួលបានដំណឹងថា លោកវរសេនីយ៍ត្រី លឹម សាយ បានពលីជីវិតទៅហើយ។

ពេលនេះក្រុមគ្រួសារ បានស្នើសុំយកសពលោកទៅធ្វើបុណ្យ តាមប្រពៃណី នៅឯស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង ហើយអង្គភាព និងនាយទាហាន ពលទាហាន នៃបញ្ជាការដ្ឋានទ័ពពិសេស ចូលរួមកម្មវិធីបុណ្យសព តាមប្រពៃណី។ សូមបងប្អូន មិត្តភក្តិរួមជំនាន់ និងអតីតសិស្សឆត្រយោង សិស្សកុម្មង់ដូទាំងអស់ ចូលរួមបុណ្យសព តាមប្រពៃណី ការគួរ សូមបងប្អូនជ្រាបជាដំណឹង។ សូមអរគុណ…”៕
