Tuesday, July 15, 2025
Homeតារាខ្មែរយូរី ធ្វើខួបកំណើតធំ តែមិនបង្ហាញទុនបើកហាងរាប់ម៉ឺនដុល្លារ

យូរី ធ្វើខួបកំណើតធំ តែមិនបង្ហាញទុនបើកហាងរាប់ម៉ឺនដុល្លារ

តារាចម្រៀងផលិតកម្មរស្មីហង្សមាស កញ្ញាសេន យូរី បានធ្វើខួបកំណើតកាលពីរាត្រីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅ “The Fun Pub &Restaurant” ដែលមានទីតាំងនៅសង្កាត់ភ្នំពេញថ្មី  ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានតារារួមអាជីពនៅហង្សមាស និងមិត្តភក្ដិក្នុងរង្វង់សិល្បៈជាច្រើន ចូលរួមអបអរសាទរ។

ទោះជាយ៉ាងណា យូរី មិនប្រាប់ថា ខួបឆ្នាំនេះនាងគម្រប់អាយុប៉ុន្មាននោះទេ ប៉ុន្ដែអ្វីដែលគេចាប់អារម្មណ៍នោះ ខួបធំរបស់នាងឆ្នាំនេះ គឺរៀបចំនៅទីនោះដែលមានលោកថៅកែឈ្មោះជា នី គេល្បីថា ជាគូស្នេហ៍របស់នាងតែម្ដង។

ព័ត៌មានបានឲ្យដឹងថា យូរី ក៏មានភាគហ៊ុននៅភោជនីយដ្ឋានដែលវិនិយោគទុនដល់ទៅ៥០ម៉ឺនដុល្លារដែរ ដោយនាងដាក់រួមគ្នាជាមួយលោកជា នី ។

ប៉ុន្ដែនៅពេលត្រូវសួររឿងការចូលហ៊ុនជាមួយលោកថៅកែនោះ យូរី ថានាងគ្មានចំណែកឡើយ ហើយនាងបានអះអាងថា លោកជា នី គឺជាបងប្រុស មិនមែនគូសង្សាររបស់នាង ដូចគេសង្ស័យនោះទេ។

នាងបន្ថែមថា កន្លងមក មានគេសង្ស័យថា នាងនិងលោកជា នី គឺជាគូស្នេហ៍នឹងគ្នា តែតាមពិត លោកនី គឺជាបងប្រុសរបស់នាងទេ ហើយលោកតែងតែជួយនាងទាក់ទងការរកស៊ីផ្សេងៗ ព្រោះរយៈពេលដ៏ខ្លីខាងមុខនេះ នាងក៏បើកហាងកែសម្រស់មួយកន្លែងដែរ អីចឹងហើយទាក់ទងរឿងធ្វើជំនួញ លោកនី ជួយផ្ដល់យោបល់ឲ្យនាងច្រើន។

អតីតតារាសាន់ដេ រូបនេះ ក៏បានឲ្យដឹងដែរថា ឆ្នាំនេះនាងធ្វើខួបធំជាងឆ្នាំមុនៗ ដោយហៅភ្ញៀវ៧០នាក់ មកចូលរួមដើម្បីឲ្យពួកគេស្គាល់នូវភោជនីយដ្ឋានបងប្រុសរបស់នាង លោកជា នី ដែលទើបបើកដំណើរការលក់សាកល្បង រយៈពេល៣ថ្ងៃមកនេះ។ យ៉ាងណា នាងថា រូបនាងមិនមែនជាតារាចម្រៀងប្រចាំនៅទីនេះឡើយ ប៉ុន្ដែបើមានកម្មវិធីធំៗ តម្រូវទើបនាងអាចច្រៀងសម្ដែងម្ដងម្កាលប៉ុណ្ណោះ។

យូរី បានឲ្យដឹងដែរថា សម្រាប់ខួបឆ្នាំនេះ នាងប៉ងប្រាថ្នាឲ្យមានសេចក្ដីសុខ និងរីកចម្រើនក្នុងជីវិត។ នាងថា តាំងពីឈានជើងចូលហង្សមាស មកនាងថតបានបទចម្រៀង៣បទ ហើយក្នុងនោះ បទ ”ផាំងៗ” ទទួលបានការពេញនិយមជាងគេ ពិសេស​ គឺនៅលើ​ Tik Tok ។

ដោយឡែក ទាក់ទងការថតភាពយន្ដវិញ យូរី ថា មិនទាន់មានគម្រោងទេ តែនាងនឹងធ្វើអ្វីៗទៅតាមក្រុមហ៊ុនដាក់ឲ្យ។ឮ

ការឈានជំហានទី៣ ចូលផលិតកម្មធំ ហង្សមាស របស់យូរី បន្ទាប់ពី Rock​និង​សាន់ដេ​នោះ​ធ្វើឲ្យមានការលើកឡើងថា យូរី ពិបាកប្រជែងភាពលេចធ្លោជាងមុន ព្រោះទ្រនំធំនោះប្រជុំទៅដោយតារាខ្លាំងៗច្រើនដួង និងខ្លះទៀតបានលើកឡើងថា យូរី ចូលហង្សមាស ដើម្បីទៅជំនួសតំណែងកញ្ញាទេព បូព្រឹក្ស ដែលដើរចេញ។ ប៉ុន្តែយូរី ថា នាងខំប្រឹងដើម្បីខ្លួនឯង គ្មានបំណងប្រកួតប្រជែងជាមួយអ្នកណាទេ។

យូរី វាចាថា ការដែលគេនិយាយថា នាងទៅហង្សមាស ដើម្បីជំនួសទេព បូព្រឹក្ស នោះ ក៏មិនត្រូវដែរ ព្រោះបូព្រឹក្ស លេងស្ទីលរាងកាចៗ ចំណែករូបនាងវិញ ស្ទីលបែប Cute Cute មិនដូចគ្នានោះទេ។ នាងថា នៅឆ្នាំ២០២១នេះ នាងត្រៀមចេញបទចម្រៀងជាច្រើនទៀត រួមទាំងការបើកមុខរបរផ្ទាល់ខ្លួន ជាហាងកែសម្រស់ផងដែរ។

ប៉ុន្ដែទាក់ទងរឿងការត្រៀមខ្លួនចូលរោងការវិញ យូរី ថា ហាក់មិនទាន់គិតគូរដល់ចំណុចនេះឡើយ ព្រោះលោកជា នី ដែលត្រូវគេម៉ៃថា ជាង្សាររបស់នាងនោះ តាមពិតនាងចាត់ទុកលោកដូចជាបងប្រុសប៉ុណ្ណោះ មិនមែនបណ្ដូលចិត្តឡើយ៕   ហ៊ឹម វិចិត្រ

RELATED ARTICLES