ភ្នំពេញ ៖ ប្រជាពលរដ្ឋបានរាយការណ៍មកថា ទីតាំងហ្គេមបាញ់ត្រីដុះស្លែពីកន្លែង ត្រូវគេស្គាល់ថា ជារបស់យាយគង់ ពិតជាមានឥទ្ធិពលខ្លាំងមិនធម្មតានៅក្នុងខណ្ឌដូនពេញ ក្រោយពីសមត្ថកិច្ចក្នុងមូលដ្ឋានបានចុះមកពិនិត្យ និងបង្ក្រាបគឺបិទបានតែពីរថ្ងៃ ក៏ស្រាប់តែបើកដំណើរការ ឡើងវិញយ៉ាងរលូនដូចដើម ដែលទីតាំងហ្គេមបាញ់ត្រីនេះ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៧២ និងផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។
ទីតាំងទាំងពីរនេះ បច្ចុប្បន្ន កំពុងបំរើសេវាល្បែងស៊ីសងជូនអតិថិជន ដែលជាក្រុមអ្នកញៀនល្បែង មកពីគ្រប់មជ្ឈដ្ឋាន ដោយពុំខ្លាច ចំណាត់ការពីសំណាក់អាជ្ញាធរនោះឡើយ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ទាំង២កន្លែងខាងលើនេះ ត្រូវបានអាជ្ញាធរចុះបង្ក្រាបបានតែមួយដង្ហើមចង្រឹត ស្រាប់តែគេឃើញបើកដំណើរការវិញដូចធម្មតារយ៉ាងរលូន ក្នុងនោះក្រុមអ្នកលេងល្បែង ក៏ដូចជាក្រុមជនសង្ស័យញៀនថ្នាំ នាំគ្នាមកពួន សម្ងំលាក់ខ្លួនប្រើប្រាស់ថ្នាំញៀនសោយសុខក្នុងបនល្បែងនេះទៀតផង។
ប្រជាពលរដ្ឋនៅក្នុងខណ្ឌដូនពេញ បានរិះគន់ថាចំណាត់ការរបស់លោកអភិបាលខណ្ឌដូនពេញ រួមទាំងអធិការនគរបាលខណ្ឌ ហាក់មិនត្រូវបានម្ចាស់ទីតាំងហ្គេមបាញ់ត្រីខាងលើ ខ្លាចរអាបន្តិចណាសោះ មិនដឹងសំអាងលើខ្នងបង្អែកធំប៉ុនណានោះទេ។

ជុំវិញករណីនេះលោកទៀង ច័ន្ទសា អធិការនគរបាលខណ្ឌដូនពេញ បានបញ្ជាក់ថា លោក បានឱ្យអធិការនគរបាលខណ្ឌ ចុះពិនិត្យបន្ទាន់ បើមានលបលួចបើកមែននឹងចាត់វិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់បំផុត។

គួរបញ្ជាក់ថា ករណីល្បែងស៊ីសងនេះ ត្រូវបានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់មានប្រសាសន៍បញ្ជាទៅគ្រប់ខណ្ឌនៅ ក្នុងរាជធានីភ្នំពេញឱ្យបង្ក្រាប ដោយមិនអនុញ្ញាតិឱ្យលេង ឬបើកឱ្យលេងល្បែងស៊ីសងជាដាច់ខាត ជាក់ស្តែងល្បែងឃីណូឡូតូ គឺឃើញបិតគ្រប់ កន្លែងហើយ៕