ភ្នំពេញ ៖ យុវជនជានិស្សិតឆ្នាំទី៤ម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ដោះស្រាយមិនចេញ ក៏ស្រាប់តែសម្រេចចិត្តគិតខ្លីចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលស្នាក់នៅរបស់ខ្លួន ដោយបន្សល់ទុកសំបុត្រមួយច្បាប់ ផ្ញើជូនស្ត្រីជាម្តាយរបស់ខ្លួន។
ករណីនិសិត្សឆ្នាំទី៤ចងកសម្លាប់ខ្លួនខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង២រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជាន់ទី៣ ក្នុងផ្ទះជួលមួយកន្លែងខាងជើងវត្តទឹកថ្លា ស្ថិតក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឱ្យដឹងថា យុវជនគិតខ្លី ដែលចងសកម្លាប់ខ្លួនខាងលើនេះ មានឈ្មោះម៉ា ត្រា អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី៤ ផ្នែកគីមី ចំណីអាហារនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ស្នាក់នៅបន្ទប់ជួលលេខ៣៦ ជាន់ទី៣ ស្ថិតក្នុងភូមិសង្កាត់កើតហេតុខាងលើ និងមានស្រុកកំណើតនៅ ភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះជានិស្សិតរូបនេះ បានចងកសម្លាប់ខ្លួនដោយក្រមាចងជាប់ទៅនឹងប្រហោងខ្យល់បន្ទប់ទឹក ដោយមិនមានអ្នកណាម្នាក់បានដឹងសោះឡើយ រហូតដល់ស្ត្រីជាម្តាយរបស់ជនរងគ្រោះទូរស័ព្ទរកកូនប្រុស តែទូរស័ព្ទមិនចូល ទើបបានទាក់ទងមក ម្ចាស់ផ្ទះជួល ឱ្យជួយឡើងទៅមើល ទើបប្រទះឃើញ កើតមានការភ្ញាក់ផ្អើលតែម្តង។

ទាក់ទិនការធ្វើអត្តឃាតនេះគេពុំដឹងពីមូលហេតុអ្វីឡើយ ប៉ុន្តែមានការសង្ស័យថា យុវជនរូបនោះតូចចិត្តខ្លួនឯង ដោយសារត្រូវម្តាយស្តីបន្ទោសបន្តិចបន្តួច កាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ទើបយុវជនរងគ្រោះតូចចិត្តក៏បានបិទទូរស័ព្ទតែម្តង។
តាមប្រភពពីម្ចាស់ផ្ទះជួល បានប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណជា១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ គាត់បានទទួលទូរស័ព្ទពីស្ត្រីជាម្តាយរបស់យុវជនរងគ្រោះខាងលើ ដោយបានទូរស័ព្ទមកឱ្យគាត់ ជួយឡើងទៅមើលបន្ទប់កូន របស់គាត់ផង ដោយសារគាត់ជាម្តាយតេមិនចូលសោះ (បិទទូរស័ព្ទ) លុះពេលគាត់ឡើងទៅមើលដល់បន្ទប់ស្នាក់នៅរបស់ជនរងគ្រោះ ក៏ឃើញបន្ទប់បិទទ្វារ លុះគោះទ្វារហៅ ក៏មិនឮសូរឆ្លើយ ទើបសង្ស័យនាំគ្នាដោះកញ្ចក់មើល ស្រាប់តែប្រទះឃើញយុវជនរូបនេះបានចងកក្នុងបន្ទប់ទឹកស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិន្យិត និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងក ប្រាកដមែន ដោយបានប្រើក្រមាចងកជាប់ទៅនឹងប្រហោងខ្យល់បន្ទប់ទឹក។ ជាមួយនេះ សមត្ថកិច្ចបានរកឃើញ សំបុត្រ១ច្បាប់ សរសេរជាភាសាអង់គ្លេស ដែលជនរងគ្រោះបន្សល់ទុកផ្ញើជូនម្តាយរបស់ខ្លួនទៀតផង។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកបញ្ជូនទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕