តារាចម្រៀងរូបសង្ហារោមទ្រូងច្រើន លោកឆន សុវណ្ណរាជ ដែលទៅណាមកណាកម្រឃើញបណ្ដើរស្រីណាម្នាក់ ស្និទ្ធស្នាលដូចគូស្នេហ៍ឲ្យគេឃើញនោះ ស្រាប់តែនៅថ្ងៃរៀបមង្គលការពិធីការិនីប៉ែន ស្រីពេជ្រ កាលពីថ្ងៃទី៨ ខែមករា នោះ គេបែរជាឃើញអ្នកចម្រៀងសំនៀងផ្អែមរូបនេះ ល្អូកល្អិនជាមួយនារីប្លែកម្នាក់ មើលទៅខុសពីមិត្តភក្ដិធម្មតា ទើបធ្វើឲ្យគេសង្ស័យថា ស្រីស្រស់រូបនោះជាមនុស្សពិសេសរបស់តារាចម្រៀងហង្សមាស រូបនេះ។

ប៉ុន្ដែទាំងសុវណ្ណរាជ និងនារីរូបស្រស់នោះ ហាក់ផ្អើលៗជាមួយអ្នកសារព័ត៌មានដែលតាម ថតរូបពួកគេ ខណៈដែលតារារួមអាជីពវិញថា មិនដែលស្គាល់ស្រីស្អាតដែលកៀកកើយគ្នាជាមួយសុវណ្ណរាជ នោះថាជាអ្នកណាឡើយ។

លោកឆន សុវណ្ណារាជ មិនអាចទាក់ទងសុមការបំភ្លឺបានទេ ព្រោះទូរស័ព្ទចូល ត្រូវបានបុរសម្នាក់លើក ហើយថា លេខនោះមិនមែនជារបស់តារាចម្រៀងហង្សមាស រូបនេះឡើយ។

ទោះជាយ៉ាងណា ភាពក្លាហានរបស់ឆន សុវណ្ណរាជ ក្នុងការបណ្ដើរនារីប្លែកមុខនេះ ជាសញ្ញាល្អមួយបញ្ជាក់ថា នៅឆ្នាំថ្មីនេះ សុវណ្ណរាជ ចាប់ផ្ដើមបើកបេះដូងយកសង្សារ ហើយមិនទុកកាយaឲ្យនៅរងាម្នាក់ឯងទៀតឡើយ ខណៈដែលមិត្តរួមអាជីពវិញ ដូចជា លោកខេមរៈ សិរីមន្ដ, ហ្សូណូ, នី រតនា និងថែល ថៃ ជាដើម ពួកគេសុទ្ធតែមានប្រពន្ធកូនរៀងៗខ្លួនអស់ទៅហើយ។

ការបញ្ចេញមុខនារីតូចច្រឡឹងស្និទ្ធស្នាលបែបគូស្នេហ៍របស់សុវណ្ណរាជ នៅពេលនេះ ធ្វើឲ្យអតីតតារាចម្រៀង CB រូបនេះ ហាក់ស្រាលខ្លួនផងដែរ ព្រោះតែកន្លងមក គេល្បីថា លោកមានប្រុសតាមស្រលាញ់ច្រើនជាងស្រីទៅទៀត ទើបនាំឲ្យមានភាពស្រពេចស្រពិលថា តើសុវណ្ណរាជ បេតីប្រុសឬស្រី?

ប៉ុន្ដែពេលនេះអ្វីៗបានឃើញបន្ដិចម្ដងៗថា សុវណ្ណរាជ គឺជាប្រុសពេញលក្ខណៈ ហើយមានស្រីជាច្រើនចង់ធ្វើជាគូសង្សាររបស់លោក តែពេលនេះនារីដែលបានកៀកកើយម្ចាស់បទ ”អារម្មណ៍ពេលខូចចិត្ត” នោះ មិនទាន់ត្រូវបានលាតត្រដាងពីតួនាទីរបស់នាងឡើយ បន្ទាប់ពីសុវណ្ណរាជ ស្ងាត់រឿងស្នេហាជាមួយសង្សារនិស្សិតស្រីនៅអាមេរិក ឈ្មោះ ”អរិយ៉ា” ជាច្រើនឆ្នាំមក៕

