ខេត្តកំពង់ធំ ៖ ក្មេងស្រីវ័យ៨ឆ្នាំម្នាក់ កំពុងលេងទូរស័ព្ទរបស់ជីដូនសុខៗ ស្រាប់តែត្រូវបងប្រុសជីដូនមួយ ឆក់យកពីដៃទៅបាត់ ក៏ខឹងសម្បារត់ចូលទៅក្នុងផ្ទះចងកស្លាប់ បង្កឲ្យមានការផ្អើលឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិលាបទង ឃុំទ្រា ស្រុកស្ទោង។
ក្មេងស្រីគិតខ្លីចងកសម្លាប់ខ្លួននោះ មានឈ្មោះពីន សួស្តី អាយុ៨ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមការបំភ្លឺពីស្ត្រីឈ្មោះមាស រ៉ុម អាយុ៥៨ឆ្នាំ ត្រូវជាជីដូនបង្កើតរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅព្រឹកថ្ងៃកើតហេតុ គាត់ឃើញចៅៗរបស់គាត់ ឈ្មោះពីន សួស្តី (ក្មេងស្រីរងគ្រោះ) ឈ្មោះធី ស៊ីពេជ ភេទស្រី អាយុ១៤ឆ្នាំ និងឈ្មោះធី ថេន ពួកគេនៅលេងក្នុងផ្ទះជាមួយបងប្អូនរបស់គេ ចំណែករូបគាត់ក៏ទៅដាំស្លនៅខាងមុខផ្ទះ ពេលនោះចៅឈ្មោះពីន សួស្តី និងឈ្មោះធី ថេន បានដណ្តើមទូរស័ព្ទគ្នាលេង ឃើញដូច្នោះ គាត់ប្រាប់ថា ចែកគ្នាមើលម្តងម្នាក់ទៅ ស្រាប់តែចៅស្រីរងគ្រោះឈ្មោះពីន សួស្តី ខឹងក៏ដើរចេញបាត់ទៅ។

លុះក្រោយមក ពេលដែលគាត់ធ្វើម្ហូបឆ្អិន ក៏ឱ្យចៅឈ្មោះស៊ីពេជ ទៅហៅចៅស្រីរងគ្រោះ ឈ្មោះសួស្តី មកហូបបាយ ស្រាប់តែចៅពេជ្រ ប្រាប់ថា សួស្តី ចងកសម្លាប់ខ្លួនស្លាប់បាត់ហើយ។ គ្រាន់តែឮដូច្នេះ គាត់ក៏ស្ទុះទៅមើលឃើញចៅចងកជាប់នឹងស្នួហាលខោអាវ ស្លាប់បាត់ទៅហើយមែន។

តាមការបញ្ជាក់ពីក្មេងប្រុសម្នាក់ ឈ្មោះធី ថេន អាយុ ១១ឆ្នាំ បាននិយាយថា នៅម៉ោងប្រហែល១១ព្រឹក ខ្លួននៅលេងជាមួយបងប្អូននៅក្នុងផ្ទះ ហើយលោកយាយបាននិយាយទូរស័ព្ទ នៅពេលលោកយាយនិយាយចប់ គាត់បានឱ្យទូរស័ព្ទទៅឈ្មោះសួស្តី លេង ហើយ រូបគេក៏បានកញ្ឆក់យកទូរស័ព្ទពីឈ្មោះសួស្តី ទៅមើល ពេលនោះ សួស្តី ខឹងក៏ស្រែកយំហើយរត់ទៅក្រោយផ្ទះចូលក្នុងបន្ទប់ បិទទ្វារ។

មួយសន្ទុះក្រោយមក ឈ្មោះស៊ីពេជ ដើររកឈ្មោះសួស្តី ហូបបាយ ខ្លួនប្រាប់ថា សួស្តី ខឹងនឹងខ្លួននៅក្នុងបន្ទប់ខាងក្រោយ ទើបឈ្មោះស៊ីពេជ បានរត់ទៅមើល ក៏ឃើញឈ្មោះសួស្តី ចងកនឹងក្រមា ភ្ជាប់ជាមួយស្នួហាលខោអាវ ស្លាប់ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបច្ចេកខេត្ត សហការជាមួយជំនាញស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រា គ្រូពេទ្យ រដ្ឋអំណាចភូមិ-ឃុំ និងសាច់ញតិសព ធ្វើការពិនិត្យសព និងកន្លែងកើតហេតុ ដោយពិនិត្យឃើញថា នៅលើដងខ្លួនសព ពុំមានឃើញស្លាកស្នាមគួរកត់សម្គាល់ឡើយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ក្មេងស្រីរងគ្រោះ ពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាត ប្រាកដមែន។
សពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕