Tuesday, July 15, 2025
Homeព័ត៌មានជាតិគ្រាន់តែឮដំណឹង ឪពុកម្តាយនៅជប៉ុន ចង់មកជួបមុខកូនណាស់

គ្រាន់តែឮដំណឹង ឪពុកម្តាយនៅជប៉ុន ចង់មកជួបមុខកូនណាស់

ខេត្តកំពង់ចាម ៖ ក្មេងប្រុស ២នាក់ ត្រូវបានឪពុកម្តាយ យកទៅផ្ញើឱ្យជីតា វ័យ៨០ឆ្នាំ ជួយមើលថែ ព្រោះត្រូវចេញទៅធ្វើការនៅឯប្រទេសជប៉ុន លុះជីតាភ្លេចខ្លួន ស្រាប់តែចៅប្រុសទាំង ២នាក់ បាននាំគ្នាចុះទៅលេងទឹកនៅរណ្តៅដី ១កន្លែង បណ្តាលឱ្យរអិលជើងធ្លាក់ចូលកន្លែងទឹកជ្រៅ លង់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៣៥នាទីព្រលប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅចំណុចរណ្តៅដី ខាងជើងភូមិ ចម្ងាយពីផ្ទះ ប្រមាណជាង ២០០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកកងមាស។

ក្មេងប្រុសរងគ្រោះទាំង២នាក់បងប្អូនបង្កើត ដែលលង់ទឹកស្លាប់នោះ ទី១- ឈ្មោះសុខ លឹមហេង ភេទប្រុស អាយុ៧ឆ្នាំ និងទី២- ឈ្មោះសុខ ម៉េងហុង ភេទប្រុស អាយុ៦ឆ្នាំ។ ក្មេងប្រុសរងគ្រោះទាំង២នាក់ មានឪពុកឈ្មោះបូ សុខ អាយុ៣២ឆ្នាំ ម្តាយឈ្មោះឈុន សម្ផស្ស អាយុ៣៥ឆ្នាំ សព្វថ្ងៃកំពុងធ្វើជាពលករនៅប្រទេសជប៉ុន ទាំង២នាក់ ចំណែកកូនប្រុសទាំង២នាក់ ស្នាក់នៅជាមួយជីតា ឈ្មោះទេស ឈុន អាយុ ៨០ឆ្នាំ នៅភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្មេងប្រុសរងគ្រោះទាំង ២នាក់បងប្អូន ត្រូវបានឪពុកម្តាយចេញទៅធ្វើជាពលករនៅឯប្រទេសជប៉ុន អស់ទៅហើយ សព្វថ្ងៃពួកគេទាំង២នាក់ កំពុងស្នាក់នៅជាមួយជីតាជរា វ័យ៨០ឆ្នាំ នៅក្នុងភូមិកើតហេតុខាងលើ។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ ខណៈដែលជីតារវល់ភ្លេចខ្លួន ស្រាប់តែក្មេងប្រុសទាំង២នាក់បងប្អូន បាននាំគ្នាដើរលេងដូចសព្វដង បន្ទាប់មកស្រាប់តែពួកគេបាននាំគ្នាចុះទៅលេងទឹកនៅចំណុចរណ្តៅដី ទើបតែជីកថ្មី ១កន្លែង ដែលមានចម្ងាយពីផ្ទះ ប្រមាណ២០០ម៉ែត្រ រួចក៏បណ្តាលឱ្យលង់ទឹកស្លាប់ទាំង២នាក់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យដល់ទីតាំងកើតហេតុ និងបានធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះទាំង ២នាក់ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សពក្មេងប្រុសរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES