ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌដូនពេញ បានឃាត់ខ្លួន ក្រុមអ្នកដើរបន្ទោបង់ (នោម) នៅតាមសួនច្បារសាធារណៈ ដើមឈើ និងទីតាំងសាធារណៈផ្សេងៗទៀត បានចំនួន១៣នាក់ យកមកអប់រំណែនាំ នៅសាលាខណ្ឌដូនពេញ។

តាមការបញ្ជាក់ពីអាជ្ញាធរខណ្ឌដូនពេញ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោកសុខ ពេញវុធ អភិបាលខណ្ឌដូន ពេញ បានចាត់ឱ្យកម្លាំងប្រជាការពារខណ្ឌដូនពេញ បន្តចុះធ្វើសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។ នៅអំឡុងពេលចុះធ្វើសណ្តាប់ធ្នាប់ កម្លាំងប្រជាការពារ ក៏បានជួបក្រុមម៉ូតូឌុប និងម៉ូតូកង់៣ ចំនួន១៣នាក់ ដែលបានឈប់យាន្តជំនះរបស់ខ្លួន ហើយទៅបន្ទោបង់ (នោម) នៅតាមដើមឈើ តាមសួន ច្បារ និងតាមទីសាធារណៈ ដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ និង បង្កឱ្យមានក្លិនឆ្អេះឆ្អាប ដល់អ្នកធ្វើដំណើរយ៉ាងខ្លាំង។

ភ្លាមៗនោះ កម្លាំងប្រជាការពារខណ្ឌដូនពេញ ក៏បានអញ្ជើញពួកគាត់មកធ្វើការអប់រំណែនាំ នៅសាលាខណ្ឌដូនពេញ និង បានឱ្យពួកគាត់ ធ្វើការបាញ់លាងសំអាតកន្លែងដែលពួកគាត់បន្ទោបង់រួច ទើបអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅវិញ។

រដ្ឋបាលខណ្ឌ សូមសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំយកគំរូតាមពួកគាត់ និង សូមរកកន្លែង បន្ទោបង់ឱ្យបានត្រឹមត្រូវ នៅបន្ទប់ទឹកសាធារណៈ ឬឯកជន ដែលនៅជិតលោកអ្នក ជៀសវាងធ្វើតាមពួកគាត់ បង្កភាពអនាធិបតេយ្យ បាត់សណ្តាប់ធ្នាប់ អនាម័យ និងប៉ះពាល់ដល់សុខភាពសាធារណៈជនផងដែរ៕

