Monday, July 14, 2025
Homeព័ត៌មានជាតិម្ចាស់ទុកចោល ឡើងដេកបាត់ ព្រឹកស្អែកឃើញម៉ូតូប្រែកាយ

ម្ចាស់ទុកចោល ឡើងដេកបាត់ ព្រឹកស្អែកឃើញម៉ូតូប្រែកាយ

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ បានទុកម៉ូតូចោលនៅសំយ៉ាបផ្ទះរបស់ខ្លួនពេញ១យប់ ដោយមិនបានចាក់សោត្រឹមត្រូវនោះទេ ស្រាប់តែព្រឹកឡើងចេញមករកម៉ូតូមិនឃើញ ស្រាប់តែឃើញម៉ូតូកញ្ចាស់១គ្រឿង នៅក្បែរនោះសង្ស័យជារបស់ចោរជិះមកធ្វើសកម្មភាព បន្សល់ទុក ក៏អូសម៉ូតូកញ្ចាស់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ករណីចោរលួចម៉ូតូនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លុះព្រឹកឡើងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ទើបម្ចាស់ដឹងមានការភ្ញាក់ផ្អើល នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក។

ប្រភពព័ត៌មានពីនគរបាលស្រុកភ្នំស្រុក បានឱ្យដឹងថា ម៉ូតូដែលបាត់ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានតែម ស្លាកលេខ ប.ជ 1R-9152 លេខម៉ាស៊ីន ND125ME-5133139 លេខតួ ND125ME-5133139 ជារបស់ឈ្មោះពា សុធាវី ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក។

ប្រភពដដែលបានបញ្ជាក់ថា តាមការរៀបរាប់ពីម្ចាស់ម៉ូតូប្រាប់សមត្ថកិច្ចថា នៅមុនពេលបាត់ ខ្លួនជាម្ចាស់ម៉ូតូបានទុកម៉ូតូនៅសំយ៉ាបផ្ទះ ដោយមិនបានចាក់សោរនោះទេ។ លុះព្រឹកឡើងវេលាម៉ោង៥ទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ស្រាប់តែមិនឃើញម៉ូតូ ហើយបានដើររកក៏ប្រទះឃើញម៉ូតូ១គ្រឿង ធុនសេ១០០ ស៊េរីចាស់ ពណ៌ក្រហម គ្មានស្លាកលេខ ទុកចោលនៅចម្ងាយពីផ្ទះ១០០ម៉ែត្រ ដែលសង្ស័យជាម៉ូតូរបស់ជនសង្ស័យ។

ករណីនេះ កម្លាំងនគរបាលកំពុងស្រាវជ្រាវរកមុខសញ្ញាជនបង្កល្មើសមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES