Monday, July 14, 2025
Homeព័ត៌មានជាតិក្រោយចេញពីផឹកស៊ី ជាមួយនារីម្នាក់ សល់លុយ៨០០ដុល្លារ ក៏សុំបញ្ចប់រឿង

ក្រោយចេញពីផឹកស៊ី ជាមួយនារីម្នាក់ សល់លុយ៨០០ដុល្លារ ក៏សុំបញ្ចប់រឿង

ភ្នំពេញ ៖ ​​បុរសម្នាក់ស្ថិតក្នុងសភាពស្រវឹងស្រា បើករថយន្តក្នុងល្បឿនលឿន រួមដំណើរជាមួយនារីម្នាក់ទៀត បានបោះពួយទៅបុករថយន្តមួយគ្រឿងទៀត ដែលចតស្ងៀមបណ្តាលឱ្យរងការខូចខាត ហើយមិនព្រមឈប់ដោះស្រាយនោះទេ បែរជាបើករត់គេច លុះម្ចាស់រថយន្តរងគ្រោះ បើកប្រដេញតាមទាន់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះជួយសម្របសម្រួលសម្រេចសងសំណងទៅភាគីរងគ្រោះ ៨០០ដុល្លារ ដើម្បីបញ្ចប់រឿង។

ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅតាមបណ្តោយមហាវិថីកម្ពុជាក្រោម កែងនឹងផ្លូវ២៦៥ ខាងត្បូងស្ពានអាកាស៧មករា ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

រថយន្តបង្កខាងលើម៉ាក Lexus NX-200t ពណ៌ស ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 2AS-1110 បើកបរដោយបុរសម្នាក់ រួមដំណើរដោយស្ត្រីម្នាក់ទៀត ក្នុងស្ថានភាពស្រវឹង ចំណែករថយន្តរងគ្រោះម៉ាក Land Cruiser ពណ៌ស ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-1789។

តាមប្រភពពីម្ចាស់រថយន្តរងគ្រោះបានប្រាប់ឱ្យដឹងថា មុនកើតហេតុ គឺរថយន្តគាត់កំពុងចតស្ងៀមនៅមុខក្រុមហ៊ុន តាមបណ្តោយផ្លូវលេខ១៣៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ខណៈនោះក៏មានរថយន្តបង្កខាងលើធ្វើដំណើរតាមបណ្តោយផ្លូវនោះ រួចក៏រេចង្កូតមកបុកគូទរថយន្តរបស់គាត់ចំហៀងខាងឆ្វេង បណ្តាលឱ្យធ្លាក់កាងរងការខូចខាតតែម្តង។

ម្ចាស់រថយន្តរងគ្រោះបន្តថា ហើយភ្លាមៗនោះរថយន្តបង្កក៏បានព្យាយាមបើករត់គេចមិនទទួលខុសត្រូវឡើយ ប៉ុន្តែខណៈពេលនោះ ក៏ស្រាប់តែមានមិត្តភក្តិជាសន្តិសុខយាមនៅមុខក្រុមហ៊ុនបានឃើញហេតុការណ៍ ក៏បានជិះម៉ូតូដេញតាមពីក្រោយ និងតេប្រាប់ផ្លូវគាត់ជាម្ចាស់រថយន្តរងគ្រោះឱ្យជួយប្រដេញតាម រហូតមកដល់ចំណុចកើតហេតុ នៅផ្លូវកម្ពុជាក្រោម កែងផ្លូវ២៦៥ ខាងត្បូងស្ពានអាកាស៧មករា ទើបឃាត់បានរថយន្តបង្កជាប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះជួយសម្របសម្រួលតែម្តង។

បន្ទាប់ពីកើតហេតុ និងបានឃាត់រថយន្តបង្កជាប់ហើយ ម្ចាស់រថយន្តរងគ្រោះបានទាមទារសំណងដំបូងចំនួន២០០០ដុល្លារ ប៉ុន្តែម្ចាស់រថយន្តបង្កមានតែប្រាក់តែ៨០០ដុល្លារសងតែប៉ុណ្ណោះ ដូច្នេះទើបម្ចាស់រថយន្តរងគ្រោះយល់ព្រមទទួលយកប្រាក់ចំនួន៨០០ដុល្លារនោះ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕

RELATED ARTICLES