ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចខណ្ឌមានជ័យ ឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពី ជននេះបានធ្វើសកម្មភាពសុំខ្ចីទូរស័ព្ទពីអ្នករត់កង់បី ដើម្បីតេទៅមិត្តភក្តិ តែបែរជាបានទូរស័ព្ទ ហើយក៏ព្យាយាមរត់គេចខ្លួន តែត្រូវបានម្ចាស់ស្រែកឆោឡោ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចតាមចាប់បានតែម្តង។
ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៩និង៥នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២១ នៅចំណុចផ្លូវបេតុងលេខ៥ ខាងកើតផ្សារចាក់អង្រែ ក្នុងភូមិទួលរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចប្រាប់ឱ្យដឹងថា ជនសង្ស័យឈ្មោះចាន់ មករា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនរងគ្រោះឈ្មោះសឿន សុខខឿន អាយុ៤៧ឆ្នាំ មុខរបរបើកម៉ូតូកង់បី ស្នាក់នៅម្តុំស្វាយរលំ ភូមិ៣ ក្រុងតាខ្មៅ ខេត្ត កណ្តាល ។
តាមសម្តីអ្នកបើកម៉ូតូកង់បី ដែលជាម្ចាស់ទូរស័ព្ទ បានរៀបរាប់ឱ្យដឹងថា នៅមុនពេល កើតហេតុ ជនសង្ស័យខាងលើហៅកង់បីឥណ្ឌាមួយគ្រឿងរបស់គាត់ ជិះពីម្តុំផ្លូវ២០៦ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ទៅម្តុំទួលពង្រ ដើម្បីខ្ចីលុយគេ។ លុះពេលទៅដល់ ជនសង្ស័យក៏បានខ្ចីទូរស័ព្ទដៃរបស់គាត់ ដើម្បីទាក់ទងទៅមិត្តភក្តិ តែមិត្តភក្តិមិនលើក។

បន្ទាប់មក ជនសង្ស័យបានឱ្យគាត់ដឹករកមើលមួយជុំទៅពីរជុំទៀត នៅតែរកមិនឃើញ ក៏ឱ្យរូបគាត់ដឹកមកវិញ រហូតដល់ចំណុចផ្លូវលេខ៨ ជនសង្ស័យក៏បានខ្ចីទូរស័ព្ទពីគាត់ម្តងទៀត ខលរកមិត្តភក្តិ ស្រាប់តែយកទូរស័ព្ទរបស់គាត់ រត់គេចខ្លួនតែម្តង។
តាមប្រភពជនរងគ្រោះដដែល បានបន្តទៀតថា ភ្លាមៗនោះ គាត់ក៏ជិះដេញតាម និង ស្រែកចោរៗ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែក្រោម សហការជាមួយកម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចេញជួយអន្តរាគមន៍តាមរកជនសង្ស័យ រហូតធ្វើការចាប់ឃាត់ខ្លួនបាននៅចំណុចខាងលើ ដោយដកហូតបានវត្ថុតាងទូរស័ព្ទមួយគ្រឿងមកវិញផងដែរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនទើបចេញពីមណ្ឌលកែប្រែបាន២ខែប៉ុណ្ណោះ ហើយពិតជាបានខ្ចីទូរស័ព្ទរបស់អ្នកបើកម៉ូតូកង់បីឥណ្ឌា ខាងលើ រត់គេចខ្លួនប្រាកដមែន តែរត់មិនរួច ក៏ត្រូវសមត្ថកិច្ចតាមចាប់បានតែម្តង។
ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចយកមកសួរនាំនៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែក្រោម រួចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បន្តចាត់ការទៅតាមនីតិវិធី៕