ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់អធិការដ្ឋាន ខណ្ឌ រួមនឹងកម្លាំងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន ចាប់ឃាត់ខ្លួន ខណៈកំពុងចេញល្បាត ហើយប្រទះឃើញពួកគេឈរចាំលក់ថ្នាំញៀន នៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅតាមផ្លូវ៦០ម៉ែត្រ ចំណុចសំណង់មិនរៀបរយ ស្ថិតក្នុងភូមិព្រែក-តាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
បើតាមប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋាន បានប្រាប់ឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលត្រូវកម្លាំងល្បាតចាប់ឃាត់ខ្លួនករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រួមមាន ទី១-ឈ្មោះសុខ វ៉ារីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី២-ឈ្មោះលី កញ្ញា ភេទស្រី អាយុ ២៨ឆ្នាំ រស់នៅផ្ទះគ្មានលេខ ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជានារីបម្រើការនៅខារ៉ាអូខេ។

ប្រភពសមត្ថកិច្ចដដែលបានឱ្យដឹងដែរថា នៅវេលាខាងលើ កម្លាំងរបស់អធិការដ្ឋាន ខណ្ឌ រួមនឹងកម្លាំងរបស់ប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន ចេញល្បាតនៅក្នុងភូមិសាស្ត្រពិសេស នៅតំបន់សំណង់មិនរៀបរយ ដើម្បីបង្ក្រាបនិងទប់ស្កាត់បទល្មើសផ្សេងៗ លុះទៅដល់ចំណុចខាងលើ ក៏ប្រទះឃើញជនទាំង២នាក់គួរឱ្យសង្ស័យ ទើបឃាត់សួរនាំ និងឆែកឆេររកឃើញវត្ថុតាងក្រាម សថ្លាជាថ្នាំញៀនចំនួន៣កញ្ចប់តូច ក៏ឃាត់ខ្លួនពួកគេតែម្តង។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការ-ដ្ឋានឱ្យជំនាញកសាងសំណុំរឿង អនុវត្តតាម ច្បាប់៕