នារីរូបស្រស់ម្នាក់ ត្រូវបានបុរសជាសង្សារ នាំទៅធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ ហើយត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននារីជាសង្សារ ចំណែកខាងប្រុស រត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍ខាងលើនេះកើតឡើង កាលពីវេលាម៉ោង៩និង៥នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវខ្នងព្រែកកាវ៉ាក់ ស្ថិតក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ជនសង្ស័យជាសង្សារនឹងគ្នា ខាងប្រុសមានឈ្មោះ ធី ហៅឆាលី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅស្រុកស្អាង ខេត្តកណ្តាល (គេចខ្លួន) ។ ចំណែកខាងស្រី ឈ្មោះ ពៅ ស្រីម៉ៅ ភេទស្រី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិប្រហាល ឃុំតាឡូ ស្រុកបាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិមានជ័យ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ (ឃាត់ខ្លួន)។
ចំណែកជនរងគ្រោះមានឈ្មោះ ម៉ុម អ៊ួង ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិសេដ្ឋី ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។
បើតាមលោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានឲ្យដឹង ក្រោយទទួលបានព័ត៌មានភ្លាម លោកបានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃល្វា ចុះឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ពៅ ស្រីម៉ៅ ចំណែកជនសង្ស័យឈ្មោះ ធី ហៅឆាលី បានជិះម៉ូតូគេចខ្លួនបាត់។
លោកអធិការ បានរៀបរាប់ថាមុនពេលកើតហេតុ ជនសង្ស័យទាំងពីរនាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ គ្មានស្លាកលេខ បានទៅធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខតាកែវ 1T-4909 ម្ចាស់ឈ្មោះ ម៉ុម អ៊ួង។

លោកអធិការបន្ថែមថា ចំណែកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ដែលជនសង្ស័យទាំងពីរជិះធ្វើសកម្មភាពនោះ គឺជាម៉ូតូដែលពាក់ព័ន្ធនឹងអំពើលួចកាលពី វេលាម៉ោង៤និង៣០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ម្ចាស់ឈ្មោះ មាស សុធា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិសម្តេចពាន់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងម៉ូតូមួយគ្រឿង ត្រូវបានសមត្ថកិច្ចនាំមកអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕