ភ្នំពេញ ៖ បុរសម្នាក់ កើតអាការចុកពោះខ្លាំង ត្រូវបានស្ត្រីជាប្រពន្ធដឹកទៅផ្ទះពេទ្យមួយកន្លែង ដើម្បីពិនិត្យព្យាបាល លុះក្រោយពីគ្រូពេទ្យបន្តោកសេរ៉ូមឱ្យរួច បានធូរស្រាល ក៏សុំចេញទៅផ្ទះវិញ ស្រាប់តែកន្លះម៉ោងក្រោយមក ក៏ចុកពោះខ្លាំងម្តងទៀត ទើបស្ត្រីជាប្រពន្ធបញ្ជូនទៅផ្ទះពេទ្យវិញ គាប់ជួនគ្រូពេទ្យរវល់ចេញទៅស្រុកបាត់ អត់បានព្យាបាល ក៏ដឹកបន្តរកពេទ្យឯកជនច្រើនកន្លែងដែរ តែគេអត់ហ៊ានទទួល ក៏ដឹកទៅកាន់មន្ទីរពេទ្យរុស្ស៊ី លុះទៅដល់ គ្រូពេទ្យប្រាប់ថា អ្នកជំងឺស្លាប់បាត់ទៅហើយ ធ្វើឱ្យស្ត្រីជាប្រពន្ធ សង្ស័យថា គ្រូពេទ្យដាក់ថ្នាំនិងសេរ៉ូមឱ្យប្តីខ្លួនហួសកម្រិត បណ្តាលឱ្យស្លាប់ ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្ទះពេទ្យ ១កន្លែង ស្ថិតនៅតាមផ្លូវ QMI ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសដែលបាត់បង់ជីវិតខាងលើ មានឈ្មោះអឿន អ៊ី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងតុទូ មានប្រពន្ធឈ្មោះខុម ស៊្រីម អាយុ២៩ឆ្នាំ មានកូនស្រីម្នាក់អាយុទើបជាង១ខួប ស្នាក់នៅភូមិផ្ទះជួល ក្នុងភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ និងមាន ស្រុកកំណើតនៅភូមិខ្ចារ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
តាមសម្តីស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ប្តីរបស់នាងបានកើតអាការចុកពោះខ្លាំងទ្រាំលែងបាន ក៏នាំគ្នាជូនទៅផ្ទះពេទ្យមួយកន្លែងតាមផ្លូវបេតុង QMI ស្ថិតក្នុង ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ លុះទៅដល់ គ្រូពេទ្យពិនិត្យវិភាគរោគវិនិច្ឆ័យរួច ក៏ចេញឯកសារវិភាគរោគមកថា ប្តីរបស់នាងមានជំងឺក្រពះ។

បន្ទាប់មក គ្រូពេទ្យក៏ដាក់ថ្នាំនិងបន្តោកសេរ៉ូមឱ្យ លុះដល់ម៉ោង១០ព្រឹកថ្ងៃដដែល គ្រូពេទ្យប្រាប់ឱ្យអ្នកជំងឺនៅដេកដាក់សេរ៉ូមឱ្យអស់សិនទៅ ងាយស្រួលតាមដានជំងឺបន្ត ក៏ប៉ុន្តែប្តីរបស់នាងឃើញថា បាត់ចុកចាប់ ធូរស្រាលហើយ ក៏ហៅគ្រូពេទ្យឱ្យគិតសេវាព្យាបាល អស់ ២៧៦០០០រៀល រួចក៏សុំពេទ្យចេញទៅផ្ទះទាំងមិនទាន់អស់សេរ៉ូម។
លុះទៅដល់ផ្ទះ បានត្រឹមតែ៣០នាទី ស្រាប់តែអាការជំងឺរើធ្វើទុក្ខ ចុកទ្រាំលែងបានលេបថ្នាំដែលពេទ្យឱ្យ១គ្រាប់ នៅតែមិនបាត់ចុក ទើបក្រុមគ្រួសារដឹកទៅផ្ទះពេទ្យវិញ តែគាប់ជួនគ្រូពេទ្យជាប់រវល់ចេញទៅខេត្តកំពត បាត់ មិនបានជួបព្យាបាល ក៏ដឹកប្តីតាមម៉ូតូកង់បីទៅផ្ទះពេទ្យផ្សេងទៀត តែគេមិនហ៊ានទទួល ក៏ដឹកបន្តទៅកាន់មន្ទីរពេទ្យរុស្សី គ្រូពេទ្យពិនិត្យហើយបញ្ជាក់ថា អ្នកជំងឺបានស្លាប់ហើយ ទើបនាំគ្នាឆោឡោកើតទុក្ខមិនសុខចិត្តផ្ញើសពនៅមន្ទីរពេទ្យរុស្ស៊ី រួចក៏ត្រឡប់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ ដើម្បីឱ្យជួយស្រាវស្រាវ ដោយសង្ស័យថា គ្រូពេទ្យដាក់សេរ៉ូមដាក់ថ្នាំលើសកម្រិត ទើបបណ្តាលឱ្យប្តីរបស់នាងស្លាប់។

ករណីខាងលើ មកដល់ល្ងាចថ្ងៃដដែល ទើបសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យសពដែលតម្កល់ទុកនៅមន្ទីរពេទ្យរុស្សី និងទៅសាកសួរដល់ផ្ទះពេទ្យ នៅភូមិជម្ពូវ័ន២ ដើម្បីស្វែងរកការពិត។
តាមសម្តីវេជ្ជបណ្ឌិត ជា ប្រាំង ជាម្ចាស់ទីតាំង ហើយក៏ជាគ្រូពេទ្យដែលព្យបាលឱ្យអ្នកជំងឺ (ជនរងគ្រោះ) បានប្រាប់ឱ្យដឹងតាមទូរស័ព្ទថា កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ អ្នកជំងឺឈ្មោះអឿន អ៊ី ពិតជាចូលពិនិត្យពិគ្រោះព្យាបាលជំងឺនៅផ្ទះគាត់មែន ដោយគាត់បានពិនិត្យនិងចេញឯកសាររោគវិច្ឆ័យ គឺជំងឺក្រពះ រួចគាត់ព្យាបាលទៅតាមរោគសញ្ញា អស់រយៈពេល ២ម៉ោង។

លុះមកដល់វេលាម៉ោង១០ព្រឹកថ្ងៃដដែល អ្នកជំងឺមិនទាន់ទាំងអស់សេរ៉ូមផង ដឹងខ្លួនថាបាត់ចុកចាប់ ធូរស្រាលហើយ ក៏សុំគាត់ចេញទៅផ្ទះវិញ ហើយទោះជាគាត់ជាគ្រូពេទ្យ ឃាត់ឱ្យរង់ចាំអស់សេរ៉ូមសិន ងាយស្រួលតាមដានបន្ត តែខាងអ្នកជំងឺ នៅតែសុំវិលទៅផ្ទះ ដោយអះអាងថា គាត់បាត់ចុកហើយ ទើបគាត់បានគិតលុយអស់ជាង២០ម៉ឺនរៀល រួចហើយ អ្នកជំងឺក៏វិលទៅវិញបាត់ទៅ។ ចំណែកគាត់ជាប់រវល់ មានធុរៈ ក៏ចាកចេញទៅខេត្តកំពត បាត់ទៅ ស្រាប់តែមកដល់ល្ងាចថ្ងៃដដែលនេះ សមត្ថកិច្ច ភាគីក្រុមគ្រួសារអ្នកជំងឺ ទូរស័ព្ទប្រាប់ថា អ្នកជំងឺបានស្លាប់នៅមន្ទីរពេទ្យរុស្ស៉ី ទៅវិញ។

ក្រោយកើតហេតុ គ្រូពេទ្យតុលាការ បានធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ព្រោះពេលជនរងគ្រោះទៅដល់ផ្ទះ បានលួចបើកសេរ៉ូមឱ្យស្រក់លឿន។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ខាងគ្រូពេទ្យដែលព្យាបាលខាងលើនេះ បានជួយចូលបុណ្យសព ចំនួន ២០០០ដុល្លារ ដើម្បីបញ្ចប់រឿង៕