ភ្នំពេញ ៖ ពិធីមង្គលការមួយ កំពុងចាប់ផ្តើមរៀបចំកម្មវិធីសូត្រមន្តពេលល្ងាច ស្រាប់តែកើតការផ្អើលឆោឡោពេញរោងជ័យ និងត្រូវក្រុមគ្រួសារសម្រេចបញ្ឈប់កម្មវិធីភ្លាមៗយ៉ាងតក់ក្រហល់ ខណៈដែលសាមីខ្លួនកូនកំលោះត្រូវបានអាការជំងឺចាស់រើឡើង មានសភាពធ្ងន់ធ្ងរយ៉ាងខ្លាំង ក៏ត្រូវក្រុមគ្រួសារទាក់ទងហៅរថយន្តសង្គ្រោះមកដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ទុកឱ្យសាមីខ្លួនកូនក្រមុំដេកទួញយំឱបខ្នើយ ខកខានរាត្រីទឹកឃ្មុំ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្ទះរៀបមង្គលការខាងស្រី ស្ថិតក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។

បុរសជាកូនកំលោះ ដែលត្រូវជំងឺធ្វើទុក្ខខ្លាំងរហូតដល់ចូលដេកពេទ្យ ចំថ្ងៃរៀបការរបស់ខ្លួននេះ មានឈ្មោះស៊ុំ ធូ អាយុ៥០ឆ្នាំ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះជាកូនកំលោះរូបនេះ បានកើតមានជំងឺក្រិនថ្លើមប្រចាំកាយជាយូរមកហើយ ដោយធ្វើទុកម្តងៗ។ លុះមកដល់ថ្ងៃកើតហេតុជាថ្ងៃសិរីសួស្តីចូលរោងជ័យ ខណៈកំពុងអង្គុយធ្វើពិធីចូលរោងជ័យ ស្រាប់តែជំងឺចាស់ធ្វើទុក្ខខ្លាំង ទ្រាំលែងរហូតដល់សន្លប់បាត់មាត់ឈឹង ធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោ ក៏ស្នើសុំរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដើម្បីមកជួយអន្តរាគមន៍។

ក្រោយកើតហេតុ គេឃើញរថយន្តសង្គ្រោះរបស់អង្គភាព៧១១ បានចុះមកដល់ និងបានរៀបចំដឹកបញ្ជូនជនរងគ្រោះជាកូនកំលោះ ចេញពីរោងការ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ៕
