ភ្នំពេញ ៖ យុវជនម្នាក់ឈ្មោះឡា កុសល អាយុ២០ឆ្នាំ ដែលមានគណនីហ្វេសប៊ុកឈ្មោះ LA Kosal កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០១ បានចូលខ្លួនមកសារភាពទោសកំហុសរបស់ខ្លួន និងបានសុំទោសជាសាធារណៈ ក្រោយរូបគេបានបង្ហោះរិះគន់មើលងាយសមត្ថកិច្ចពេលចាប់ផាកពិន័យចរាចរណ៍។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្វែងរកម្ចាស់គណនីហ្វេសប៊ុកមួយនេះ ឱ្យចូលខ្លួនបំភ្លឺអំពីការចុះផ្សាយព័ត៌មានមិនមានប្រភពច្បាស់លាស់ ព័ត៌មានមិនពិត ដែលធ្វើឱ្យប្រជាពលរដ្ឋទូទៅមានការយល់ច្រឡំ និងស្អប់សមត្ថកិច្ច លើការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។

បន្ទាប់ពីបានឃើញការចុះផ្សាយនៅលើផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឈ្មោះឡា កុសល ក៏បានចូលខ្លួនមកទទួលកំហុសរបស់ខ្លួនដែលបានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ La Kosal ធ្វើការបង្ហោះព័ត៌មានមិនពិត មើលងាយដល់សមត្ថកិច្ច ក៏ដូចជា បង្ខូចកិត្តយសមត្ថកិច្ច បន្ទាប់ពីរូបគាត់ត្រូវបានសមត្ថកិច្ចចាប់ផាកពិន័យ ករណីការបើកបរល្មើសច្បាប់ចរាចរណ៍កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅត្រង់ចំណុចស្តុបស្ថានទូតវៀតណាម។

ពេលនោះយុវជនរូបនេះ បានបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ ហើយដោយសារតែការខឹង និងខ្វះការពិចារណាមួយពេល ក៏បានបង្ហោះសារជាអក្សរក្នុងហ្វេសប៊ុកនូវព័ត៌មានមិនពិត កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ដែលមានខ្លឹមសារធ្វើឱ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ ដល់កិត្តិយសរបស់នគរបាលជាតិ។

ម្ចាស់ហ្វេសប៊ុករូបនេះ បានទទួលស្គាល់នូវកំហុស និងសូមសន្យាថា ឈប់ប្រព្រឹត្តអំពើបែបនេះតទៅទៀតហើយ។ អាស្រ័យហេតុនេះ សូមបងៗសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋទាំងអស់មេត្តាយោគយល់ និងលើកលែងទោសដល់រូបគាត់ផង។ ជាចុងបញ្ចប់ម្ចាស់ហ្វេសប៊ុករូបនេះ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតទ្រព្យសម្បត្តិរបស់ខ្លួនឯង និងអ្នកដ៏ទៃ៕