Sunday, July 13, 2025
Homeតារាខ្មែរមាស សុខសោភា ជិតផុតខែមករា ទៅហើយ នៅមិនទាន់ចេញរួច

មាស សុខសោភា ជិតផុតខែមករា ទៅហើយ នៅមិនទាន់ចេញរួច

គម្រោងជប់លៀងធំសម្ពោធទាំងផលិតកម្មរាម និងការបង្ហាញខ្លួនជាផ្លូវការរបស់មាស សុខសោភា នៅដើមខែមករា ឆ្នាំ២០២១ នេះ ត្រូវបានជាប់គាំងជាថ្មីម្ដងទៀត ដែលធ្វើឲ្យការចេញបទថ្មីរបស់មាស សុខសោភា នៅលើទីផ្សារបន្ដអូសបន្លាយតទៅទៀត បើទោះជាបទចម្រៀងទាំងនោះបានថតរួចអស់ទៅហើយក្ដី។

នេះជាលើកទី២ហើយ ដែលមាស សុខសោភា ត្រូវខកចិត្តជាថ្មីម្ដងទៀត ខណៈដែលក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតកន្លងមក នាងធ្លាប់និយាយថា នឹងចេញបទចម្រៀង រួមទាំងការលេចមុខនៅផលិតកម្មថ្មីនៅខែធ្នូ ឆ្នាំ២០២០ តែទីបំផុត នៅតែមិនអាចចេញរួចដូចការរំពឹងរបស់នាងឡើយ។

ដោយឡែក ថ្មីៗនេះដែរ លោក Spy អ្នកគ្រប់គ្រងផ្នែកសំឡេងរបស់ផលិតកម្មរាម បានប្រាប់ថា ការជាប់គាំងដែលមិនអាចសម្ពោធផលិតកម្ម រួមទាំងការបង្ហាញមុខសោភា បាននៅខែធ្នូ ឆ្នាំ២០២០ ដោយសារតែកូវីដ-១៩ មិនទាន់ស្ងាត់ ហើយកម្មវិធីរបស់លោកចង់ធ្វើធំដុំ ហេតុនេះហើយរង់ចាំធ្វើជាផ្លូវការនៅដើមខែមករា ឆ្នាំ២០២១ នេះវិញ ហើយលោកបានទទួលស្គាល់ថា បទចម្រៀងរបស់សោភា ពិតជាបានថតនៅរាម ពិតប្រាកដមែន ដោយមានទាំងការត្រៀមចេញជាប្រចាំសប្ដាហ៍ និងខែទៀតផង។

យ៉ាងណា រហូតមកដល់ពេលនេះ អ្នកគាំទ្ររបស់សោភា ដែលទន្ទឹងរង់ចាំស្ដាប់ និងមើលបទថ្មីៗរបស់នាង នៅរាម នោះ នៅតែមិនទាន់អាចវាយតម្លៃពីការឈានចូលទ្រនំថ្មីរបស់សោភា នៅឡើយ ព្រោះតែគម្រោងផលិតកម្មមួយនេះ ជប់លៀងធំឲ្យមាស សុខសោភា ត្រូវជាប់គាំងជាថ្មីម្ដងទៀត។

មាស សុខសោភា ជាប់ងារជាតារាចម្រៀងដែលផ្លាស់ប្ដូរផលិតកម្មច្រើន ដូចជា កន្លងមក នាងធ្លាប់ច្រៀងនៅផលិតកម្មរស្មីស្ទឹងសង្កែ, CB, M, សាន់ដេ និងថោន ទើបមកទើរនៅទ្រនំទី៦ (រាម) នេះ។

ការផាត់ចោលហង្សមាស និង Galaxy របស់មាស សុខសោភា នៅពេលនេះ ត្រូវបានគេមើលឃើញថា នាងសំដៅទៅលក់ផលិតផលជាមួយថៅកែរាម ច្រើនជាងការវាយលុកទីផ្សារចម្រៀង ស្របពេលដែលគេជឿថា ក្រោយបង្ហាញខ្លួនជាផ្លូវការនៅរាម នោះ មាស សុខសោភា ក៏នឹងគិតគូររឿងរៀបការជាមួយគូស្នេហ៍ឆ្លងទ្វីប ១១ឆ្នាំ លោកគ្រូពេទ្យអ៊ឹត រ៉ាដា ផងដែរ៕

RELATED ARTICLES