ខេត្តកំពត ៖ បុរសជាប់ចោទ២នាក់ ត្រូវបាននគរបាលនៃស្នងការដ្ឋានខេត្តកំពត ឃាត់ខ្លួនតាមអំណាចដីកាសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ដោយបានចោទប្រកាន់ពីបទលួចចំណងដៃមង្គលការ។
លោកវរសេនីយ៍ទោ លក ញ៉ាវ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពត បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលបាន ឃាត់ខ្លួននេះ រួមមានទី១-ឈ្មោះនូវ ឌៀប អាយុ៤២ឆ្នាំ និងទី២-ឈ្មោះច្រេ សារឿន អាយុ៤១ឆ្នាំ។ អ្នកទាំង២រស់នៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច។
លោកវរសេនីយ៍ទោ បានប្រាប់ឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ ក៏មានការសហការគ្នាជាមួយនគរបាល ខេត្តកែបដែរ ដោយសារតែជនសង្ស័យរូបនេះបានមកជួលបន្ទប់ស្នាក់នៅស្រុកកំពង់ត្រាច ខេត្តកំពត ជាប់ស្រុកដំណាក់ចង្អើរ ខេត្តកែប។
លោកវរសេនីយ៍បន្តថា ជនសង្ស័យទាំងនេះ ត្រូវបានចោទប្រកាន់ពីបទលួចលុយចំណងដៃក្នុងពិធីមង្គលការជាច្រើនកន្លែង ហើយទីកន្លែងចុងក្រោយ គឺបានលួចលុយចំណងដៃ និងទូរស័ព្ទរបស់ប្រជាពលរដ្ឋនៅភូមិត្រពាំងប្រិយ ឃុំសំរោង ស្រុកជុំគីរី។

លោកវរសេនីយ៍ទោ មិនបានបង្ហាញពីចំនួននៃការបាត់បង់លុយ ដែលជាប្រាក់ចំណងដៃនោះមានចំនួនប៉ុន្មាននោះទេ ប៉ុន្តែលោកបានប្រាប់ថា មុខសញ្ញានេះបានដើរលួចលុយចំណងដៃក្នុងពិធីមង្គលការគេជាច្រើនដងមកហើយ ដូចជានៅស្រុកអង្គរជ័យ ក្នុងខេត្តកំពតនេះជាដើម។
ហើយល្បិចលួចលុយចំណងដៃ ត្រូវបានជនរូបនេះសារភាពថា នៅក្នុងពិធីមង្គលការនីមួយៗពួកគេតែងតែទៅចូលរួម និងបានតុបតែងខ្លួនធ្វើជាភ្ញៀវខាងកូនប្រុស ឬខាងកូនស្រី ពេលនោះម្ចាស់ដើមការទាំងសងខាងមិនបានចាប់អារម្មណ៍ថា ជាភ្ញៀវខាងណានោះទេ។ លុះពេលម្ចាស់ដើមការដេកលង់លក់អស់ ពួកគេមានឱកាសល្អ ក៏ធ្វើសកម្មភាពលួចប្រមូលយកលុយចំណងដៃនេះតែម្តង។
គួរបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ខាងលើត្រូវបាននគរបាលនាំមកកន្លែងអ្នកលក់ទូរស័ព្ទនៅក្នុងភូមិបឹងធំ ឃុំអង្គសុភី ស្រុកកំពង់ត្រាច ដែលជាកន្លែងអ្នកជួសជុលទិញ និងលក់ទូរស័ព្ទដៃនោះដែលជនសង្ស័យធ្លាប់យកទូរស័ព្ទមកលក់ តែជនសង្ស័យបានឆ្លើយមិនប្រាកដប្រជា ហើយនគរបាលក៏កំពុងប្រមូលបានវត្ថុតាងបន្ថែមនៅកន្លែងទៀតផ្សេងផងដែរ៕