ខេត្តប៉ៃលិន ៖ ជនសង្ស័យម្នាក់ ត្រូវបានលោកប៊ិន សក្តា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តប៉ៃលិន ដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទញុះញង់ឱ្យប្រព្រឹត្តិឧក្រិដ្ឋជាអាទិ៍ កាលពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ដែលប្រព្រឹត្តិនៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងនិងឱ្យផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា លេខ ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។

ហេតុការណ៍នាំខ្លួនជនសង្ស័យម្នាក់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ដោយកម្លាំងជំនាញការិយាល័យសន្តិសុខផ្ទៃក្នុង នៃផែនការងារសន្តិសុខ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះគង់ រិទ្ធ ហៅចូច ភេទប្រុស អាយុ៤១ឆ្នាំ ជាកម្មករ មានស្រុកកំណើតនៅភូមិស្វាយតាហែន ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ក្នុងខេត្តឈុនបុរី ប្រទេសថៃ មានប្រពន្ធឈ្មោះម៉ី ជូ មានកូនចំនួន២នាក់។

បើតាមប្រភពដីការបស់លោក ប៊ិន សក្តា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន បានឱ្យដឹងថា ៖ តាមដីកាលេខ៣៩ ត.ព្រ,២១ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ខាងលោកបានសម្រេចបញ្ជាឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទ ឈ្មោះ គង់ រិទ្ធ (មានសាវតាជាតិដូចខាងលើ) ទៅពន្ធនាគារខេត្តប៉ៃលិន ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីនៃច្បាប់។

តាមប្រភពបន្តទៀតថា បង្គាប់ឱ្យលោកប្រធានពន្ធនាគារខេត្តប៉ៃលិន ទទួលនិងឃុំខ្លួន ជននេះ រយៈពេលអតិបរិមា មិនលើសពី៤ខែ ដោយគិតចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ តទៅ បង្គាប់ឱ្យគ្រប់ភ្នាក់ងារនៃកម្លាំងសាធារណ៉ទាំងអស់ នៅពេលត្រូវបានបង្ហាញដីកានេះ សហការអនុវត្តឱ្យបានល្អនៅក្នុងករណីចាំបាច់៕