ជាលើកដំបូង សម្រាប់តារាចម្រៀងលោកប៉ុន សុណារិន្ទ ហៅខេម ដែលបានបណ្ដើរប្រពន្ធជាចំហ ហើយថែមទាំងដឹកដៃកញ្ញាស្រីកា រាំឱបគ្នាបទស្លូវក្បែរព្រាប សុវត្ថិ, ខេមរៈ សិរីមន្ដ និងចន ច័ន្ទលក្ខិណា នៅក្នុងពិធីមង្គលការប្អូនថៅកែ Galaxy កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។

តារារួមអាជីពបានទះដៃពេលដែលខេម រាំឱបរឹតប្រពន្ធយ៉ាងស្អិតល្មួតនោះ ខណៈដែលកន្លងមក ខេម មិនដែលហ៊ានកៀកកើយប្រពន្ធជាអាណិកជនខ្មែរ មកពីបារាំង នោះសាធារណៈម្ដងណាឡើយ។
ចំណែកមិត្តភក្ដិរួមអាជីពវិញបានជំរុញឲ្យខេម គូរតែប្រញាប់នាំកំពូលស្នេហ៍ចូលរោងការតែម្ដងទៅ ព្រោះគេដឹងអស់ហើយ ពន្យារពេលតទៅទៀត។

ខេម បានសារភាពថា មានប្រពន្ធនៅថ្ងៃដែលតារាចម្រៀង Galaxy រូបនេះ បើកសម្ពោធហាងកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយលោកអះអាងថា បានភ្ជាប់ស្នេហ៍ជាមួយកញ្ញាស្រីកា រយៈពេលជាង៥ឆ្នាំមកហើយ តែការកំណត់ចូលរោងការពេលណានោះ ត្រូវបានខេម បញ្ជាក់ថា មិនទាន់គិត។
លោកបន្តថា អាចនិយាយត្រឹមមានកំណាន់ចិត្តបាន ប៉ុន្ដែមិនអាចណែនាំឲ្យអ្នកកាសែតស្គាល់គូស្នេហ៍ឡើយ គឺទុកឲ្យអ្នកសារព័ត៌មាន ស្វែងរកដោយខ្លួនឯងចុះ។

ខេម ថា ពេលនេះភរិយាលោកបានមកពីបារាំង រស់នៅស្រុកខ្មែរ ជាមួយលោក រយៈពេលជាង១ឆ្នាំមកហើយ។ ចំពោះរឿងរៀបការវិញ លោកថា ទោះជាមិនអាចនិយាយថា ថ្ងៃខែឆ្នាំណា ទើបរៀបចំមែន តែពេលនេះ លោកមានអាយុច្រើនដែរហើយ អីចឹងយ៉ាងយូរ១ទៅ២ឆ្នាំទៀត អាចគិតគូរឿងនេះបានហើយ។

គួររំលឹកថា តារាចម្រៀងខេម ដែលផ្លាស់ពីថោន ចូលមក Galaxy នោះ គឺប្ដូរទាំងទ្រនំ និងសង្សារតែម្ដង ខណៈដែលមុននេះ ពួកគេបានបោះទុនរួមគ្នារកស៊ីបើកភោជនីយដ្ឋាន ដោយចំណាយលុយអស់២០ម៉ឺនដុល្លារ។

ខេម ត្រូវបានទស្សនិកជនមើលឃើញថា មិនសូវមានភាពលេចធ្លោខ្លាំងឡើយ នៅរយៈពេលចុងក្រោយនេះ បើទោះជាលោកអះអាងថា បានចេញបទចម្រៀងស្ទើររាល់ថ្ងៃក្ដី ប៉ុន្ដែលោកព្រាប សុវត្ថិ និងតន់ ច័ន្ទសីម៉ា មានសន្ទុះខ្លាំងជាងខេម ។

ទោះជាយ៉ាងណា តារាចម្រៀងសំនៀងស្អករូបនេះ ធ្លាប់និយាយថា ការរាប់អានរវាងលោក និងថៅកែផលិតកម្ម គឺមានភាពស្និទ្ធស្នាលគ្នាដូចបងប្អូន ហេតុនេះហើយលោកពេញចិត្តជាមួយទ្រនំថ្មីនេះ តែលោកសូមមិននិយាយអ្វីពាក់ព័ន្ធជាមួយថោន ឡើយ៕ ហ៊ឹម វិចិត្រ