ខេត្តតាកែវ ៖ ប្រជាពលរដ្ឋចំនួន៤គ្រួសារ រស់នៅភូមិព្រៃដំរី ឃុំអង្គតាសោម ស្រុកត្រាំកក់ បានបញ្ចេញប្រតិកម្មនិងទទូចស្នើសុំអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាថ្នាក់ដឹកនាំ ជាពិសេស សម្តេចនាយករដ្ឋមន្ត្រី បន្ទាប់ពីពួកគាត់ទាំង៥គ្រួសារ បានលក់ដីទៅឱ្យឈ្មួញម្នាក់ ហើយឈ្មួញនោះបានយកដីទៅសាងសង់ជាសំណង់រឹងមាំអស់ តែមិនព្រមឱ្យលុយពួកគាត់។
ប្រជាពលរដ្ឋទាំង៥គ្រួសារ ដែលអះអាងថា ត្រូវឈ្នួញស៊ីដាច់លុយថ្លៃលក់ដីខាងលើនេះ រួមមាន ៖ ទី១- ឈ្មោះយុង យ៉ាន ភេទស្រី អាយុ៧៥ឆ្នាំ ជាម្ចាស់ក្បាលដីលេខ២៣៥។ ទី២- ឈ្មោះសិត ហាច ភេទស្រី អាយុ៣៧ឆ្នាំ និងប្តីឈ្មោះស្វាយ គា ហៅគីម ថីសួន ជាម្ចាស់ក្បាលដី លេខ២២២។ ទី៣- ឈ្មោះគីង ម៉ន ភេទប្រុស អាយុ៦០ឆ្នាំ ជាម្ចាស់ក្បាលដីលេខ២២១ និងទី៤- ឈ្មោះ ហង់ ស៊ីណា ភេទស្រី អាយុ៥២ឆ្នាំ ជាម្ចាស់ក្បាលដីលេខ២០៥។

ចំណែកឈ្មួញដែលជាអ្នកទិញដី មានគ្នា២នាក់ ត្រូវជាបងប្អូនគ្នា ក្នុងនោះ ទី១- ឈ្មោះចាំង គង់ឡាយ ភេទប្រុស អាយុ៣៧ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណលេខ ០១០៩៧៥៤៧៨ មានលំនៅក្នុងភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងទី២- ឈ្មោះសែម សារ៉ែនឌី ជាមន្ត្រីប៉ូលិសនៅក្រសួងមហាផ្ទៃ ដែលមានស្រុកកំណើតនៅភូមិតាតឹម ឃុំជាងទង ស្រុកត្រាំកក់។
ប្រជាពលរដ្ឋទាំង៤គ្រួសារខាងលើ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ពួកគាត់ទាំង៤គ្រួសារ ដែលមានក្បាលដីនៅជាប់ៗគ្នា បានយល់ព្រមលក់ដីទៅឱ្យបុគ្គលឈ្មោះចាំង គង់ឡាយ។ លុះក្រោយពីទទួលបានប្រាក់កក់ពីឈ្មោះចាំង គង់ឡាយ មួយចំនួនរួចមក ប្លង់ក៏បានកាត់ដាក់ឈ្មោះចាំង គង់ឡាយ ហើយដែរ តែដីទាំងនោះ បែរជាត្រូវផ្ទេរកម្មសិទ្ធិពីឈ្មោះចាំង គង់ឡាយ ទៅឈ្មោះសែម សារ៉ែនឌី វិញម្តង ដែលឈ្មោះសែម សារ៉ែនឌី ជាមន្ត្រីប៉ូលិសនៅក្រសួងមហាផ្ទៃ ដែលមានស្រុកកំណើតនៅភូមិតាតឹម ឃុំជាងទង ស្រុកត្រាំកក់។

ប្រភពដដែល បន្តថា បន្ទាប់ពីឈ្មោះចាំង គង់ឡាយ បានផ្ទេរកម្មសិទ្ធិដីទាំងនោះ ឱ្យទៅបងគាត់រួចមក រហូតមកដល់ពេលនេះ រយៈពេលជាង១ឆ្នាំទៀតហើយ បែរជាគ្មានការប្រគល់ប្រាក់មកជូនពួកគាត់ជាម្ចាស់ដីសោះឡើយ ហើយចេះតែភូតភរកុហក យកលេសនេះលេសនោះ មិនចេះចប់មិនចេះហើយ ជួនប្រាប់ថា ចាំបន្តិច គាត់ស្ទះលុយ ជួនថា លក់របស់អត់ចេញ ខ្ចីធនាគារអត់បាន ខ្ចីលុយឯកជនអត់មាន… ជាដើម ពោល គឺមានលេសរាប់រយជំពូក តាមមិនទាន់ឡើយ។
ដំបូងឡើយ ឈ្មោះសែម សារ៉ែនឌី ឧស្សាហ៍មកអើតឈ្ងោកកន្លែងរកស៊ីគាត់ញឹកញាប់ណាស់ តែដោយសារមកពេលណា តែងមានប្រជាពលរដ្ឋទៅជួបដើម្បីទារលុយមិនឈប់ ទើបឈ្មោះសែម សារ៉ែនឌី លែងហ៊ានមករហូតដល់សព្វថ្ងៃ។

ប្រភពខាងលើ បានឱ្យដឹងទៀតថា ឈ្មោះសែម សារ៉ែនឌី ក្រោយពីទិញដីនោះហើយ បានសាងសង់វីឡាធំមួយ មានកម្ពស់ដល់ទៅ៧ជាន់ មានដាំដើមឈើលម្អ មានបើកលក់ចំណីអាហារច្រើនប្រភេទ ព្រមទាំងបានបង្កើតជាស្ថានីយប្រេងមួយទៀតផង ពោលគឺជាកន្លែងរកស៊ីធំដុំណាស់ និងមានបុគ្គលិកបម្រីការជាច្រើននាក់ទៀតផង។ ដំបូងឡើយ ឈ្មោះសែម សារ៉ែនឌី ពេលទិញដីដំបូង គឺស្រួលណាស់ អត់ជំពាក់លុយទេ តែដល់ចេញឈ្មោះចាំង គង់ឡាយ មកទិញចូលគ្នា ទើបបង្កជាបញ្ហាដល់ប្រជាពលរដ្ឋ រហូតមកដល់ពេលនេះ ដែលមកដល់សព្វថ្ងៃ ឈ្មោះសែម សារ៉ែនឌី មានជាប់ជំពាក់លុយប្រជាពលរដ្ឋដល់ទៅ ៧គ្រួសារ ប៉ុន្តែចេញមកប្តឹងតែ៤គ្រួសារប៉ុណ្ណោះ ខណៈគ្រួសារផ្សេងទៀតនៅសល់លុយកាក់ជំពាក់តិចតួច ទើបមិនសូវរវល់។
ប្រភពខាងលើ បានបញ្ជាក់ ក្រោយពេលលក់ដីអត់បានលុយ ពួកគាត់ជាជនរងគ្រោះទាំង៤គ្រួសារ ក៏បានប្តឹងទៅសាលាឃុំ និងត្រូវបានខាងសាលាឃុំ កោះហៅ៣ដងដែរ តែឈ្មោះសែម សារ៉ែនឌី អត់ព្រមចូល។ លុះពួកគាត់ប្តឹងទៅសាលាស្រុក និងត្រូវលោកអភិបាលស្រុក កោះហៅ៣ដងទៀត ក៏ឈ្មោះនេះមិនប្រមចូលខ្លួនដដែល ដោយបានឱ្យមេការម្នាក់ ឈ្មោះនាក់ វណ្ណៈ ជាអ្នកភូមិក្បែរគ្នា ចូលទៅជំនួសទៅវិញ ទើបធ្វើឱ្យមិនទទួលបានលទ្ធផលអ្វីជាផ្លែផ្កានោះឡើយ។

ដោយសារតែរកច្រកចេញមិនឃើញ ទើបពួកគាត់ជាជនរងគ្រោះបានទៅពឹងរកមន្ត្រីម្នាក់ ឈ្មោះឃួន ប៊ុនសេង ធ្វើការនៅមន្ទីរេរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យជួយរត់ការឱ្យ និងត្រូវចំណាយលុយរាប់រយដុល្លារ មានអ្នកខ្លះអស់ដល់ខ្ទង់ពាន់ទៀតផង តែមិនបានផលដដែល។
លុះចុងក្រោយ ទើបដឹងថា តាមពិតឈ្មោះឃួន ប៊ុនសេង និងឈ្មោះសែម សារ៉ែនឌី បានគប់គិតគ្នា ដោយប្រគល់ប្លង់ទៅឱ្យឈ្មោះសែម សារ៉ែនឌី អស់ទៅហើយ ដោយមិនបានប្រាប់ពួកគាត់ឡើយ។ ហើយឈ្មោះសែម សារ៉ែនឌី បានយកប្លង់ទៅដាក់ធនាគារ យកលុយមកអភិវឌ្ឍន៍កន្លែងរកស៊ីរបស់គាត់អស់ទៅហើយទៀតផង។

ពលរដ្ឋទាំង៤គ្រួសារខាងលើ បានអះអាងថា ដីទាំងនោះ គឺឈ្មោះសែម សារ៉ែនឌី បានចេញលិខិតកក់ប្រាក់ លិខិតប្រគល់ប្រាក់ និងចេញសែក ឱ្យទៅបើកលុយនៅធនាគារទៀតផង តែជាសែកស្អុយអត់មានលុយបើកទេ។ ដោយសារតែទទួលរងភាពអយុត្តិធម៌បែបនេះ ទើបពួកគាត់ជាប្រជាពលរដ្ឋស្លូតត្រង់ ទន់ខ្សោយ មានតែលើកម្រាមដៃ១០ សំពះសំណូមពរដល់ថ្នាក់ដឹកនាំ ជាពិសេស សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មេត្តាជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋផង។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីភាគីអ្នកទិញដីពីប្រជាពលរដ្ឋ ឈ្មោះសែម សារ៉ែនឌី និងឈ្មោះ ចាំង គង់ឡាយ បានទេ កាលពីល្ងាចម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕