ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងផែនការងារអន្តោប្រវេសន៍ បានរៀបចំបញ្ជូននារីជាជនបរទេស (ជនជាតិវៀតណាម) ចំនួន៣នាក់ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីអនុវត្តតាមនីតិវិធី បន្ទាប់ពីបានធ្វើចត្តាឡីស័ករួច។

របាយការណ៍ដដែល បន្តថា ការរៀបចំបញ្ជូនជនបរទេសស្ត្រីជនជាតិវៀតណាម ៣នាក់ ទៅកាន់នាយកដ្ឋានជំនាញនាពេលនេះ បន្ទាប់ពីពួកគាត់បានធ្វើដំណើរពីក្នុងទឹកដីនៃព្រះរាជាណាចក្រថៃ ឆ្លងចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដោយខុសច្បាប់ ហើយត្រូវបានសមត្ថកិច្ចនៅទីនោះ ធ្វើការពិនិត្យ និងបានដាក់ឱ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ។

បន្ទាប់ពីរយៈពេលធ្វើចត្តាឡីស័កបានកន្លងផុតទៅហើយ និងបញ្ជាក់ថា ស្ត្រីជនជាតិវៀតណាម ទាំង៣នាក់ មិនមានករណីកូវីដ-១៩ ទើបសមត្ថកិច្ចរៀបចំបញ្ជូនពួកគាត់ទៅកាន់នាយកដ្ឋានជំនាញ ដើម្បីអនុវត្តតាមនីតិវិធីនៃព្រះរាជាណាចក្រកម្ពុជា៕
