តារាចម្រៀងជុំ រចនាពេជ្រ ហៅកញ្ញាបេប៊ី បានចូលផលិតកម្មថោន ជាង២ឆ្នាំមកហើយដោយទម្លាក់ចោលទាំងស្រុងនូវអាជីពសម្ដែង និងពិធីការនីនៅ CTN ព្រោះតែនាងចង់បំបែកទីផ្សារចម្រៀងតែមួយមុខ ដូចកញ្ញារ៉ាប៊ី ដែរ។

យ៉ាងណាក្ដី បំណងចង់ក្លាយទៅជាតារាចម្រៀងល្បីរបស់កញ្ញាបេប៊ី ហាក់ជួបឧបសគ្គច្រើនព្រោះទើបតែរៀបជើងព្រួលក្នុងការរកអ្នកនិពន្ធខ្លាំងៗ មកធ្វើបទចម្រៀងឲ្យច្រៀង ស្រាប់តែផ្ទុះកូវីដ-១៩ ធ្វើឲ្យស្រីស្រស់ផ្អឹបបទទាំងនោះ មិនហ៊ានចេញឡើយ នាំឲ្យកេរ្ដិ៍ឈ្មោះរបស់នាងនៅទ្រឹង ទោះជាចង់វិលទៅធ្វើជាពិធីការិនីវិញ ក៏ទៅមិនរួច។

តារាមួយចំនួនបារម្ភខ្លាចកញ្ញាបេប៊ី ដើរតាមគន្លងកញ្ញាគៀត សុវណ្ណាឡាង ដែលបោះចោលអាជីពសម្ដែងចូលច្រៀងនៅហង្សមាស ហើយចុងក្រោយ ក៏វិលរកមករកស្ដារមុខអាជីពចាស់វិញ ដោយឈប់ច្រៀងតែម្ដង ខណៈពេលនេះ កញ្ញាបេប៊ី ប្រឈមភាពស្ងប់ស្ងាត់ក្នុងអាជីពខ្លាំង ហើយនាងក៏ងាកទៅបើកហាងលក់កាហ្វេនិងម្ហូបកុម្មង់វិញម្ដង។
ប៉ុន្ដែបេប៊ី ធ្លាប់តាំងចិត្តថា នាងមិនរាថយក្នុងការបំពេញក្ដីស្រម៉ៃធ្វើជាតារាចម្រៀងឡើយ ហើយក៏មិនស្ដាយក្រោយចំពោះការឈប់ពីពិធីការិនី និងសម្ដែងដែរ។ នាងថា បើធ្វើការងារច្រើនក្នុងពេលតែមួយ មិនអាចមានពេលគ្រប់គ្រាន់ក្នុងអាជីពចម្រៀងឡើយ ទើបនាងសុខចិតុ្តព្រលែង២យក១។

ចំណែកម្ដាយរបស់បេប៊ី អ្នកស្រីប៊ុន ណារី វិញ ធ្លាប់អះអាងថា ពេលនេះ កូវីដ-១៩ មិនទាន់ស្ងាត់ និយាយអ្វីក៏មិនកើតដែរ គឺចាំពេលអស់ជំងឺនេះ ទើបបេប៊ី មានគម្រោងធ្វើអ្វីថ្មីៗទៀតនៅឆ្នាំ២០២១នេះ។

បើទោះជាស្ងាត់ក្នុងអាជីពចម្រៀងមែន តែកញ្ញាបេប៊ី នៅតែហ៊ឺហា ដោយសង់វីឡាធំស្កឹមស្កៃតម្លៃជាង៣០ម៉ឺនដុល្លារ នៅខណ្ឌសែនសុខ ហើយស្រីស្អាតរូបនេះក៏មានរថយន្ដទំនើបៗជិះ ដូចជា Range Rover និង Mazda ផងដែរ។

ជុំវិញការមានទ្រព្យច្រើនទាំងវ័យក្មេងនេះ ធ្វើឲ្យគេសង្ស័យថា កញ្ញាបេប៊ី មានគូស្នេហ៍លាក់មុខនៅក្រោយខ្នង តែអ្នកស្រីណារី ថាបេប៊ី គ្មានប្រុសណាចិញ្ចឹមឡើយ គឺលុយទាំងនោះបានមកពីលក់ផ្ទះចាស់ នៅទល់មុខពោធិ៍ចិនតុង និងដីធ្លីមួយចំនួនទៀត។

ម្ដាយបេប៊ី ក៏បានព្រមានថា ដើម្បីកុំឲ្យគេពូកែសង្ស័យលើកូនស្រីគាត់ទៀត គាត់គ្រោងលក់ដីធំនៅផ្លូវ៥១ ហើយបើលក់ដាច់បានលុយច្រើន ចាំមើលគេនិយាយម៉េចខ្លះទៅ?៕