Saturday, July 12, 2025
Homeព័ត៌មានជាតិខកណាត់ឌុបស្រីស្នេហ៍ដើរលេង ព្រោះ "អាអូន" ធ្វើឲ្យផ្អើល

ខកណាត់ឌុបស្រីស្នេហ៍ដើរលេង ព្រោះ “អាអូន” ធ្វើឲ្យផ្អើល

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានណាត់ស្រីស្នេហ៍របស់ខ្លួនទៅដើលេង ប៉ុន្តែដោយសារគ្មានម៉ូតូជិះ ក៏បែកគំនិតលួចម៉ូតូគេ បំណងយកទៅដឹកស្រីស្នេហ៍ដើរលេង គាប់ជួនត្រូវម្ចាស់ម៉ូតូតាមទាន់ ស្រែកឆោឡោផ្អើលដល់បងប្អូនប្រជាពលរដ្ឋព័ទ្ធចាប់បាន រួចបញ្ចេញកំហឹង ម្នាក់មួយដៃមួយជើង បណ្តាលឱ្យបែកក្បាលរងរបួសយ៉ាងដំណំ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកនាំខ្លួនជនសង្ស័យ យកទៅចាត់ការតាមច្បាប់។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះមឿន ម៉េន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា មានអាយុ៣០ឆ្នាំ (រងរបួសបែកក្បាលយ៉ាងដំណំ)។

តាមសម្តីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ខ្លួនបានទុកម៉ូតូនៅជិតមាត់ទ្វារបន្ទប់ ហើយក៏បានចូលទៅអង្គុយលេងទូរស័ព្ទនៅខាងក្នុងបន្ទប់ ជាមួយបងប្អូន មិត្តភក្តិ សរុប៣នាក់។ លុះពេលកំពុងអង្គុយលេងជុំគ្នានៅបន្ទប់ជួលផ្ទាល់ដីនោះ ក៏បានឮសំឡេងនៅក្រៅបន្ទប់ ពេលនោះប្អូនថ្លៃប្រុសម្នាក់បានចេញទៅមើលនៅខាងក្រៅ ស្រាប់តែឃើញជនសង្ស័យកំពុងលើកម៉ូតូរបស់ខ្លួន (ជនរងគ្រោះ) ហើយជនសង្ស័យបាននិយាយថា “អាអូន ថយតិច បងយកម៉ូតូចេញ ដើម្បីទៅដឹកស្រីស្នេហ៍ដើរលេងសិន”។

ប្រភពដដែល បន្តថា ពេលនោះ ប្អូនថ្លៃស្គាល់ម៉ូតូរបស់គាត់ជាបងថ្លៃច្បាស់ ក៏ស្រែកប្រាប់ថា “ចោរលួចម៉ូតូបងហើយ!” ពេលនោះដែរ ខ្លួននិងប្អូនថ្លៃ បាននាំគ្នាស្រែកថា “ចោរ!ៗ” ធ្វើឱ្យផ្អើលដល់បងប្អូនប្រជាពលរដ្ឋក្បែរខាង ស្ទុះចេញមកបិទខ្ទប់ទ្វារផ្ទះជួលជាប់ រួចចាប់ជនសង្ស័យស្វាគមន៍ម្នាក់មួយដៃមួយជើង បណ្តាលឱ្យបែកក្បាលរងរបួសធ្ងន់តែម្តង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ភ្លាមៗនោះ ម្ចាស់ផ្ទះជួលបានទូរស័ព្ទប្តឹងសមត្ថកិច្ច ឱ្យមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។ លុះសមត្ថកិច្ចចុះមកដល់ តែដោយសារឃើញជនសង្ស័យរងរបួសធ្ងន់ពេក ក៏ទាក់ទងហៅគ្រូពេទ្យ មកសង្គ្រោះបឋមភ្លាមៗ រួចបញ្ជូនជនសង្ស័យយកទៅព្យាបាលបន្តទៀត។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីផងដែរ៕

RELATED ARTICLES