មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបវរកញ្ញា លឹម សុធាវី ប្រកាសមិនទទួលចេញទៅប្រកួតជំនួសសេង រដ្ឋា Miss Grand Cambodia លេខ១ ដោយហេតុផលថា មិនបានត្រៀមខ្លួន។

មានការទម្លាយថា គឺបណ្ដាលមកពីនាងរវល់ការងារសិល្បៈច្រើនពេក ហើយមិនចង់បន្តជាប់កុងត្រាជាមួយនឹងកម្មវិធីមួយនេះ ទើបបណ្ដាលឲ្យនាងបដិសេធចេញប្រកួត ហើយចុងក្រោយ ក៏ត្រូវក្រុមហ៊ុនសម្រេចដកយកមកុដ និងឆៀង ហើយលុបឈ្មោះចេញពីបញ្ជីជាបវរកញ្ញា។

យោងតាមការបង្ហោះនៅលើផេក Miss Grand Cambodia កាលពីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានសរសេរថា “ក្រោយពីភាគីខាងក្រុមហ៊ុនបានជួបកិច្ចពិភាក្សាជាមួយនឹងភាគីខាងកញ្ លឹម សុធាវី រួចមក គឺកញ្ញាបានបដិសេដមិនព្រមទទួលតំណែងបន្តជាកញ្ញាឯក “Miss Grand Cambodia 2020” តាមការស្នើរបស់ក្រុមហ៊ុន ដើម្បីចេញទៅប្រកួតនៅលើឆាកអន្តរជាតិ គឺ Miss Grand International 2020 ដែលប្រព្រឹត្តធ្វើឡើងនៅទីក្រុងបាងកក ដើមខែមីនា ឆ្នាំ២០២១ ខាងមុខនោះទេ។

ដូចនេះ “ក្រុមហ៊ុនបានសម្រេចបញ្ចប់កិច្ចកុងត្រាជាមួយកញ្ញាលឹម សុធាវី និងកំណត់សម្រេចដកហូតតំណែងលំដាប់រងទី១ កញ្ញាឯក 1st Runner Up Miss Grand Cambodia 2020 ជាផ្លូវការ ចាប់ពីពេលនេះតទៅ” សូមបណ្តាអ្នកគាំទ្រទាំងអស់មេត្តាពិនិត្យមើលកិច្ចព្រមព្រៀងចុងក្រោយ និងកុងត្រាដែលភាគីខាងក្រុមហ៊ុនបានធ្វើរួមគ្នាជាមួយ ភាគីខាងកញ្ញាលឹម សុធាវី។ #MGC #MissGrandCambodia2020 #កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ2020″។

ជាមួយនឹងការដកហូតតំណែងយ៉ាងអាម៉ាស់នេះ បានធ្វើឲ្យកញ្ញាបានក្លាយជាបេក្ខភាពបវរកញ្ញាមួយរូបទៀតហើយ បន្ទាប់ពីកញ្ញាសេង រដ្ឋា មិនទទួលខុសត្រូវលើតួនាទី បង្កការលំបាកដល់អ្នកគ្រប់គ្រង ខណៈដែលហេតុផលដែលនាងមិនទៅប្រកួត គឺត្រូវគេដឹងថា ដោយសារតែនាងមមាញឹកនឹងការទទួលសិល្បៈ ដែលទំនងមិនចង់បន្តកុងត្រានាំឲ្យមានសម្ពាធ។

ការបោះបង់របស់នាង ត្រូវគេមើលឃើញថា នឹងធ្វើឲ្យនាងបាត់បង់ឱកាសក្លាយជាសិល្បការិនីដែលមានប្រវត្តិល្អ ហើយអាចនឹងធ្វើឲ្យក្រុមហ៊ុនដែលកំពុងធ្វើការជាមួយនាង មានការខ្លាចរអារ។

ទោះជានាងឆ្លើយថា មិនអាចទៅប្រកួត ព្រោះបញ្ហាសុខភាព និងគ្មានការត្រៀមខ្លួន តែតាមព័ត៌មានថា តារាស្រីរូបនេះ បានព្រលយថា គឺដោយសារតែក្រោយជាប់ជាបវរកញ្ញា ផលិតកម្មមហាហង្ស បានបើកដៃឲ្យនាងថតរឿង និង MV ដោយសេរី ខណៈដែលការថតម៉ូដ និងស្ពត ក៏កាត់តែ៣០ភាគរយ ហើយគឺកត់សម្គាល់ថា នាងទទួលបានការងារដល់ថ្នាក់ទទួលលែងចង់រួច។

លឹម សុធាវី ត្រូវបានគេទម្លាយថា បើនាងទទួលប្រកួតនោះ ការងារដែលនាងទទួល និង ខូចបង់ ទើបធ្វើឲ្យសុខចិត្តមិនទទួលពាក្យរបស់ក្រុមហ៊ុន ហើយចុងក្រោយ ក៏ត្រូវក្រុមហ៊ុនសម្រេចដកមកុដ និង ឆៀង៕
