ព្រាប សុវត្ថិ និងតន់ ច័ន្ទសីម៉ា បានចាប់ដៃគ្នាច្រៀងឆ្លងឆ្លើយបទចម្រៀងដំបូងបំផុត មានចំណងជើងថា ”កាត់ឆុង” ទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន ទើបពេលនេះ តារាឈានមុខគេទាំង២ របស់ Galaxy Navatra បានបន្ដធ្វើជាដៃគូគ្នា ហើយចេញ៤បទថែមទៀត ដូចជាបទ ”ប្រហុក”, ”រកស៊ីជាមួយយក្ស”, ”អគុណកាមេរ៉ា”, និងបទ ”មាន់កម្សត់” ដែលគេកត់សម្គាល់ឃើញថា រាល់បទនីមួយៗ គ្រាន់តែចេញភ្លាម មានអ្នកទស្សនារាប់លានដង។

ដោយឡែក បើតាមការឲ្យដឹងពីអ្នកគ្រប់គ្រង Galaxy Navatra បានឲ្យដឹងថា ផលិតកម្មកំពុងតែសម្រុកចេញអាល់ប៊ុមសម្រាប់កម្សាន្ដនារដូវចូលឆ្នាំថ្មី ដែលនៅក្នុងនោះ មានបទចម្រៀងរបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ និងតន់ ច័ន្ទសីម៉ា ចេញច្រើនជាងគេ។

លោកយឹម តាស្រង់ អ្នកចាត់ការទូទៅរបស់ផលិតកម្ម Galaxy Navatra បានអះអាងថា ផលិតកម្មកំពុងតែសម្រុកធ្វើបទចូលឆ្នាំខ្មែរ ឲ្យគ្រប់តារាចម្រៀងទាំងអស់របស់ផលិតកម្ម ហើយនឹងបញ្ចេញជារៀងរាល់ថ្ងៃតែម្ដង។ លោកថា បន្ទាប់ពីបានព្រលែងបទចម្រៀងចូលឆ្នាំខ្មែរ ប៉ុន្មានបទមក ពេលនេះឃើញថា កំពូលតារាចម្រៀងព្រាប សុវត្ថិ និងតន់ ច័ន្ទសីម៉ា គឺពិតជាដៃគូស័ក្កិសមបំផុត។

អ្នកចាត់ការទូទៅ រូបនេះ បន្តថា Galaxy មិនមែនមានតែ៥បទនោះទេ ព្រោះតាមគោលការណ៍ផលិតកម្មមានបទចម្រៀងជាច្រើនបទទៀត សម្រាប់កំពូលតារាចម្រៀងទាំងពីរ ដើម្បីបម្រើរអារម្មណ៍ទស្សនិកជន៕



