Saturday, July 12, 2025
Homeព័ត៌មានជាតិមិត្តភក្តិអះអាងថា គាត់មិនចេះផឹកដូចគេទេ បែរជាជួបរឿងហ្នឹងទៅវិញ

មិត្តភក្តិអះអាងថា គាត់មិនចេះផឹកដូចគេទេ បែរជាជួបរឿងហ្នឹងទៅវិញ

ខេត្តកណ្តាល ៖ បុរសជាជាងឈើម្នាក់ ត្រូវបានមិត្តភក្តិរួមការងារអះអាងថា គឺជាមនុស្សដែលមិនចេះហូបចុកគ្រឿងស្រវឹងដូចគេនោះទេ លុះក្រោយពីហូបបាយរួច ក៏ស្តាប់កាសទូរស័ព្ទជាប់ត្រចៀក រួចដេកលង់លក់ទៅ ស្រាប់តែព្រឹកឡើងអត់ឃើញក្រោកទៅធ្វើការ មិត្តភក្តិក៏ចូលទៅដាស់ ទើបដឹងថា ជនរងគ្រោះដេកស្លាប់រឹងស្តូកបាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោនិងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ ភ្លាមៗ។

ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅចំណុចលើគ្រែដេកក្នុងរោងរបស់ឈ្មោះជា តារា នៅភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។

ជនរងគ្រោះខាងលើ មានឈ្មោះអ៊ុច ហ៊ុន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងឈើ មានស្រុកកំណើតនៅភូមិពើក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សព្វថ្ងៃមកធ្វើការជាជាងឈើ និងស្នាក់នៅត្រង់ចំណុចកើតហេតុខាងលើ។ ចំណែកវត្ថុតាងនៅជាប់ខ្លួនជនរងគ្រោះ រួមមាន ទូរស័ព្ទចំនួន២គ្រឿង ម៉ាក iPhone7 ពណ៌ខ្មៅ ចំនួន១គ្រឿង និងម៉ាកណូគា អិនចុចពិល ពណ៌ខ្មៅ ចំនួន១គ្រឿង ព្រមទាំងខ្សែកាសទូរស័ព្ទ ពណ៌ខ្មៅចំនួន១ខ្សែ។

តាមការបំភ្លឺ របស់ឈ្មោះគង់ តុលា ជាកម្មករធ្វើការជាមួយគ្នា បានរៀបរាប់ថា ជនរងគ្រោះឈ្មោះអ៊ុច ហ៊ុន បានមកធ្វើជាកម្មករជាងឈើនៅកន្លែងកើតហេតុ ចាប់តាំងពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ រហូតដល់ថ្ងៃកើតហេតុ ជាមនុស្សមិនចេះផឹកស៊ីអ្វីនឹងគេនោះទេ។ ជារៀងរាល់យប់ ពេលចូលដេក ជនរងគ្រោះតែងតែដាក់កាសទូរស័ព្ទនៅនឹងត្រចៀកជារៀងរាល់យប់។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង៨យប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ក្រោយពីហូបបាយល្ងាចរួច ជនរងគ្រោះបានចូលទៅ ដេកនៅលើគ្រែក្នុងរោងក្បែរជញ្ជាំងដែលធ្លាប់ដេករាល់ថ្ងៃ។ លុះដល់វេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ មិនឃើញជនរងគ្រោះ ងើបពីដេកចេញមកធ្វើការដូចរាល់ដង ទើបគាត់បានដើរទៅហៅជនរងគ្រោះ ពេលទៅដល់ខ្លួនបានហៅជនរងគ្រោះឱ្យក្រោក ប៉ុន្តែជនរងគ្រោះ មិនក្រោក លុះពេលក៏យកដៃទៅអង្រួន ស្រាប់តែឃើញខ្លួនប្រាណជនរងគ្រោះមានសភាពរឹងពីខ្លួនដល់ចុងជើង។

បន្ទាប់មកគាត់ក៏បានរត់ទៅហៅកម្មករនៅធ្វើការជាមួយគ្នាឱ្យមកជួយមើល ទើបដឹងថា ជនរងគ្រោបានស្លាប់បាត់ទៅហើយ ទើបទូរស័ព្ទទៅប្រាប់ម្ចាស់ផ្ទះឱ្យបានដឹងពីហេតុការណ៍ខាងលើ បន្ទាប់មកម្ចាស់ផ្ទះឈ្មោះជា តារា ក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ។

ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងជំនាញពិនិត្យវិភាគកន្លែងកើតហេតុ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ ក្រុមប្រឹក្សាឃុំ មេភូមិ និងគ្រូពេទ្យឃុំ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសពជនរងគ្រោះ ហើយសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES