ខណៈដែលពេជ្រ សោភា បានតំណែងជាគ្រូបង្វឹកតែ១កម្មវិធីគត់ គឺ “The Voice Cambodia” និងមិនទាន់បានជួយនាំកូនក្រុមម្នាក់ណាឲ្យលើកពាន ខណៈដែលឱក សុគន្ធកញ្ញា កាន់តែតំណែងធំដល់ទៅ៤ផ្សេងគ្នានោះ លេចឮថា សោភា អាក់អន់ស្រពន់ចិត្ត ចង់រត់ចេញពីហង្សមាស ទៅចូល Galaxy ជាមួយលោកព្រាប សុវត្ថិ ។

ប៉ុន្ដែពេលនេះ គេជឿថា សោភា បានត្រជាក់ចិត្តឡើងវិញហើយ ព្រោះថ្មីៗនេះ ហង្សមាស បានផ្ដល់តំណែងធំឲ្យនាងមួយផ្សេងទៀត តាមរយៈការធ្វើជាគណៈកម្មការក្នុងកម្មវិធីប្រលងចម្រៀងថ្មី របស់ហង្សមាស ឈ្មោះ ”Beat The Best” ដែលធ្វើឲ្យសោភា មានតំណែងធំដល់ទៅ២ ក្នុងដៃ គឺជាគ្រូបង្វឹក និងគណៈកម្មការ “The Voice Cambodia” និង “Beat The Best”។

តំណែងថ្មីរបស់សោភា នៅពេលនេះ ត្រូវចាប់ដៃជាមួយគណៈកម្មការដល់ទៅ៣រូបផ្សេងទៀត ក្នុងនោះ មានដូចជា លោកឆន សុវណ្ណារាជ, ផន ស្រីខួច ហើយអ្វីដែលចម្លែកនោះ គឺតារាចម្រៀងនីកូ ជាអ្នកចម្រៀងសាមញ្ញម្នាក់ក៏ត្រូវបានហង្សមាស លើកបន្ដុបឲ្យធ្វើជាគណៈកម្មការដែរ។

តាមរយៈការទទួលបានតំណែងលួងចិត្តនៅឆ្នាំ២០២១ នេះ គេអាចនិយាយបានថា សោភា នឹងស្ងប់ចិត្ត ហើយលែងចង់ស្ពាយបង្វេចចេញពីហង្សមាស ជាមិនខាន ព្រោះថា ពេលនេះ ហង្សមាស លែងមើលរំលងនាងទៀតហើយ។

ប៉ុន្ដែយ៉ាងណា រយៈពេលជាង១ឆ្នាំមកនេះ ពេជ្រ សោភា ហាក់ស្ងប់ស្ងាត់ក្នុងអាជីពកាន់តែខ្លាំង គ្មានបទល្បីៗចេញដូចមុនទៀតឡើយ ដែលធ្វើឲ្យនាងប្រឈមការធ្លាក់កូដជាថ្មីម្ដងទៀត ព្រោះតារាស្រីនៅទ្រនំនេះ គេសង្កេតឃើញថា មានតែស្រីក្មេង រ៉េត ស៊ូហ្សាណា ម្នាក់ប៉ុណ្ណោះ ដែលស្ទុះឡើង។

ពេជ្រ សោភា និយាយថា នាងមិនបារម្ភច្រើនខ្លាចសា្ងត់ពេក ឬធ្លាក់ចុះនោះទេ ព្រោះថា នាងមានបទចម្រៀងនៅក្នុងដៃធ្វើរួចហើយ តែមិនទាន់ហ៊ានព្រលែងចេញ ដោយសារតែខ្លាចចេញទៅខុសពេលវេលា។ នាងថា ចង់អ្នកណាឡើងដល់ឋានព្រះច័ន្ទ ព្រះឥន្ទ ក៏នាងមិនខ្វល់ដែរ ព្រោះថា បើចេញបទផ្ទុះពេលនេះ ក៏មិនដឹងជាយកទៅច្រៀងនៅណាដែរ។

ដោយឡែករឿងស្នេហាវិញ អ្នកមេម៉ាយពេជ្រ សោភា មិនទាន់ឆ្លើយតបសំណើប្រុសក្មេងឆឹម សក្កដា សុំនាងរៀបការនៅឆ្នាំ២០២២ ខាងមុខនេះឡើយ៕


