Thursday, July 10, 2025
Homeតារាខ្មែរឡាយ លក្ខិណា ១៥ខែ មិនទាន់វិលវិញ នៅពិសោធន៍ចិត្តសេដ្ឋី?

ឡាយ លក្ខិណា ១៥ខែ មិនទាន់វិលវិញ នៅពិសោធន៍ចិត្តសេដ្ឋី?

អ្នកមេម៉ាយ​ ឡាយ លក្ខិណា បានបាត់ខ្លួនពីស្រុកខ្មែរ រយៈពេលជាង១៥ខែមកហើយ ក្រោយមានដំណឹងថា តារាសាច់ចាំរូបនេះ បានប៉ះស្នេហ៍សេដ្ឋីទ្រព្យស្ដុកម្នាក់ នៅកាណាដ…។

ឡាយ លក្ខិណា ហាក់គ្មានបំណងវិលត្រឡប់មកស្រុកខ្មែរវិញឡើយ ក្រោយពីមានដំណឹងថា អ្នកមេម៉ាយទ្រលុកទ្រលន់រូបនេះ បានប៉ះស្នេហ៍សេដ្ឋីម្នាក់នៅកាណាដា មក។ ដំណឹងនេះហាក់ស្របគ្នាចំពោះការធ្លាយរឿងដ៏រសើបថា អ្នកនាងលក្ខិណា បានបង្កាត់ភ្លើងស្នេហាជាមួយថៅកែស្រីក្រុមហ៊ុននាំតារាខ្មែរ ទៅច្រៀងនៅទីនោះ ហេតុនេះហើយវាបានធ្វើឲ្យស្ងប់ស្ងាត់ទៅវិញ ចំពោះការសង្ស័យថា អ្នកនាងលក្ខិណា កំពុងភ្ជាប់ស្នេហាភេទដូចគ្នានៅលើទឹកដីកាណាដា។

ប៉ុន្ដែរឿងថៅកែស្រីតាមស្រលាញ់នោះ អ្នកនាងលក្ខិណា ធ្លាប់ប្រកែកម្ដងរួចទៅហើយ តបសំណួររបស់អ្នកយកព័ត៌មានយើងតាមឆាតហ្វេសប៊ុក ដោយនាងអះអាងថា មិនមែនជាស្រីស្រលាញ់ស្រីដូចគ្នានោះទេ តែនាងពិតជាត្រូវបានថៅកែក្រុមហ៊ុនមួយនេះ ផ្ដល់សិទ្ធធំឲ្យតាមរយៈការមានសិទ្ធិជ្រើសឈ្មោះតារាស្រុកខ្មែរ ចេញទៅច្រៀងនៅកាណាដា។

តាំងពីផ្ទុះដំណឹងថា អ្នកនាងលក្ខិណា ប៉ះស្នេហ៍សេដ្ឋីក្មេងនៅកាណាដា នោះ នាងបានពន្យាពេលមកស្រុកវិញ រហូតដល់ទៅ១៥ខែ ហើយអតីតារាសម្ដែងរូបនេះ លែងឆ្លើយតបតបនឹងសំណួររបស់អ្នកយកព័ត៌មានយើងទៀត ហើយព្រមទាំងមិនប្រាប់ពីមូលហេតុដែលនាងមិនវិលមកស្រុកវិញនោះទេ។

ឡាយ លក្ខិណា បានហោះចេញទៅច្រៀងសម្ដែង និងថតចម្រៀងឲ្យផលិតកម្ម Sandapt នៅកាណាដា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ហើយតាមគម្រោងនាងត្រូវវិលវិញ តាំងពីថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០១៩ ពោលគឺត្រូវទៅតែជាង៣ខែប៉ុណ្ណោះ ប៉ុន្តែពេលនេះមានរយៈពេល១៥ខែទៅហើយ តែគេនៅតែមិនឃើញលក្ខិណា វិញវិញតាមការសន្យាឡើយ។

ដោយឡែក បទចម្រៀងដែលលក្ខិណា ប្រកូកប្រកាសថា ថតសុទ្ធតែជាលក្ខណៈអន្ដរជាតិ មានទាំងជិះយន្ដលើអាកាសផងបើកលើទឹកផងនោះ ក៏មិនទាន់ឃើញចេញដែរ ទើបធ្លាយរឿងថា លក្ខិណា ទៅបង្កាត់ភ្លើងស្នេហាថ្មីច្រើនជាងច្រៀងរាំ។

តាមព័ត៌មានថា ការជាប់គាំងអស់រយៈពេល១៥ខែមកនេះ លក្ខិណា អាចត្រូវគូស្នេហ៍ឃាត់ដំណើរបានជានាងសម្ងំនៅ ដោយគ្មានការច្រៀងសម្ដែងរហូតដល់ទៅ១ឆ្នាំកន្លះបែបនេះ។

ឡាយ លក្ខិណា ដែលល្បីថា ចែកផ្លូវគ្នាជាមួយលោកឧកញ៉ាម្នាក់នោះ ធ្លាប់បាត់ខ្លួនពីអាជីពសម្ដែងរយៈពេល១២ឆ្នាំ (២០០៤-២០១៦) ទើបតែវិលមកវិញកាលពីឆ្នាំ២០១៦ តាមរយៈការស្ដារមុខច្រៀងរាំតាមឆាក និងព្រមថតជាតួម្ដាយ ក្នុងរឿង ”ផ្កាថ្ម”, ”រវាងយើង”, ”កូនប្រសារអ្នកមាន” និង”ទេពធីតានិស្ស័យ”ជាដើម។

អ្នកមេម៉ាយរូបនេះ ធ្លាប់សារភាពថា ពិតជាមានប្រុសកាណាដា ទាក់ទងមែន ប៉ុន្ដែនាងថា មិនទាន់ច្បាស់លាស់នោះទេ ហេតុនេះហើយនាងមិនអាចនិយាយរឿងរៀបការបានឡើយ ព្រោះស្ថិតក្នុងដំណាក់កាលមើលចិត្តថ្លើមគ្នា។

ក្រៅពីឡាយ លក្ខិណា តារាដែលយកប្ដីប្រុសនៅកាណាដា មានដូចជា អ្នកនាងសៀម ស្រីណុច, មាស សុខសោភា និងរស់ ម៉ូនីកា ជាដើម។ ដោយឡែក លក្ខិណា ដែលវ័យជ្រេតែសាច់នៅចាំរូបនេះ គេជឿថា នាងនឹងជ្រើសផ្លូវផ្ញើប្រាណជាមួយសេដ្ឋីក្មេងនៅកាណាដា ដើម្បីកប់ដានស្នេហ៍ចាស់នៅក្នុងស្រុក និងលាងជម្រះរឿងគេថា នាងស្រលាញ់ភេទដូចគ្នានោះជាមិនខាន៕

RELATED ARTICLES