ខេត្តសៀមរាប ៖ លោកហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនភ្លាមៗ ដោយយោងតាមពាក្យបណ្តឹងពីស្ត្រីជាប្រពន្ធដើម ដែលបានប្តឹងចោទប្រកាន់ពីបទផិតក្បត់ និងស្របពេលដែលលោកអភិបាលរងរូបនេះ កំពុងស្ថិតក្នុងបន្ទប់តែ២នាក់ស្រីស្នេហ៍ នៅក្នុងបន្ទប់ខុនដូមួយកន្លែង ក្នុងទឹកដីខេត្តសៀមរាប។
ការឃាត់ខ្លួនលោកហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា នេះ បានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នៅចំណុចបន្ទប់ខុនដូ មួយកន្លែង ស្ថិតនៅភូមិក្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

តាមប្រភពពីមន្ត្រីអាវុធហត្ថខេត្តសៀមរាប បានឱ្យដឹងថា ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិជន ខេត្តសៀមរាប បានចុះដល់បន្ទប់ខុនដូមួយកន្លែង ស្ថិតនៅភូមិក្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។
ខណៈពេលនោះ កម្លាំងជំនាញបានឃើញឈ្មោះហេង បូឡែន ភេទស្រី អាយុ២៥ឆ្នាំ រស់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងលោកហៀក ចាន់លាង អាយុ៤២ឆ្នាំ ជាអភិបាលរងខណ្ឌ៧មករា កំពុងនៅក្នុងបន្ទប់ជាមួយគ្នា។

ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការនាំខ្លួនបុរសនិងស្ត្រីទាំង ២នាក់នេះ មកការិយាល័យជំនាញ ដើម្បីសាកសួរ ពាក់ព័ន្ធអំពើផិតក្បត់។ ក្រោយមក ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចបានសម្រេចធ្វើការឃាត់ខ្លួនលោកហៀក ចាន់លាង កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តសៀមរាប។ ចំណែកឈ្មោះហេង បូឡែន ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។
តាមការបញ្ជាក់ឱ្យដឹងពីសមត្ថកិច្ច ការឈានដល់ការឃាត់ខ្លួនលោកអភិបាលរងខណ្ឌ៧មករា រូបនេះ គឺដោយសារតែមានពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ ជ.ក.រ.ណ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមន្ត្រីរាជការ មានលំនៅក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវជាប្រពន្ធស្របច្បាប់ របស់លោកហៀក ចាន់លាង។

យ៉ាងណា នៅល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ តុលាការខេត្តសៀមរាប បានប្រកាសសាលក្រមផ្តន្ទាទោស លោកហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា រយៈពេល៦ខែ តែទោសនេះត្រូវព្យួរ ពោលគឺជនជាប់ចោទត្រូវដោះលែងឲ្យមានសេរីភាពឡេីងវិញ៕