ភ្នំពេញ៖ ក្នុងពេលអញ្ជើញប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៥ នៅខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា មានករណីមន្ត្រីពន្លត់អគ្គិភ័យមួយចំនួន បានទៅដល់កន្លែងកើតហេតុហើយ មិនធ្វើសកម្មភាពបាញ់ពន្លត់អគ្គិភ័យ បែរជានៅតថ្លៃជាមួយជាមួយជនរងគ្រោះ។

សម្តេចស ខេង បានបានថ្លែងថា “ឡានទៅដល់ហើយបញ្ឈរច្រូងនៅកន្លែងកើតហេតុហ្នឹង តែអត់ទាន់បាញ់ទេ។ មានភ្លើងផ្លឹបផ្លេតនៅហ្នឹង ឡានព្រោងព្រាត អត់ទាន់បាញ់នៅតថ្លៃគ្នាសិន។ ឃើញទេ អានេះដែលចង់និយាយថា សមត្ថកិច្ចយើងខុសហើយ ប្រតិបត្តិករយើងខុសហើយ មិនត្រូវទេ”។

សម្តេចបន្តថា “អ៊ីចឹងហើយបានថាគ្រប់កន្លែង ជាពិសេស ទីប្រជុំជនទីក្រុង គឺត្រូវមើលអាហ្នឹង។ មានឡាន ឡានរបស់រដ្ឋ ប្រេងរបស់រដ្ឋ លោកស៊ីប្រាក់ខែរដ្ឋ ការពិតហើយជួនគ្នាប្រាក់ខែតិចតួច យើងយល់បញ្ហាហ្នឹង យើងត្រូវមានគោលនយោបាយលើកទឹកចិត្ត។ ប៉ុន្តែបងប្អូនមិនត្រូវបំពេញបេសកកម្មដោយយកអាហ្នឹងធ្វើអាជីវកម្មផ្ទាល់ខ្លួនទេ អាហ្នឹងវាអត់ត្រូវទេ ខុស”។

សម្តេចបន្តទៀតថា “យើងសុខចិត្តថា ត្រូវថែមប្រាក់ឧបត្ថម្ភ ឬប្រាក់លើកទឹកចិត្ត ក្នុងករណីមួយៗទៅវិញ កុំទៅតថ្លៃ។ តថ្លៃយ៉ាងម៉េច? គ្នាកំពុងរងគ្រោះ ភ្លើងវាឆេះផ្ទះ ទៅតថ្លៃថាប៉ុណ្ណេះមក បានយើងបាញ់ឱ្យ អាហ្នឹងមិនងាប់គ្នាទៀតហើយ បានលុយពីណាឱ្យ បើលុយវានៅក្នុងភ្លើងអស់ហើយ”។
សម្តេច ស ខេង ក៏បានស្នើឲ្យអភិបាលរាជធានី- ខេត្តទាំងអស់ យកចិត្តទុកដាក់ ដើម្បីត្រួតពិនិត្យបញ្ហាហ្នឹង ដោះស្រាយបញ្ហាហ្នឹងកុំឱ្យវាមាន៕