Thursday, July 10, 2025
Homeតារាខ្មែរព្រាប សុវត្ថិ ប៉ះស្រីក្មេង ចេញញឹក រហូតអ្នកចាត់ការទូទៅ ថា អ្នកទាំង២ ជាដៃគូដ៏ស័ក្តិសម

ព្រាប សុវត្ថិ ប៉ះស្រីក្មេង ចេញញឹក រហូតអ្នកចាត់ការទូទៅ ថា អ្នកទាំង២ ជាដៃគូដ៏ស័ក្តិសម

លោកព្រាប សុវត្ថិ ដែលជាគូប្រជែងយ៉ាងស្វិតស្វាញបំផុតជាមួយតារាចម្រៀងខេមរៈ សិរីមន្ត តាំងពីរដូវភ្ជុំបិណ្ឌ រហូតមកដល់ពេលនេះហាក់នៅទ្រឹង ពេលសិរីមន្ដ ផ្ទុះបទ ”ពឺតៗ” នោះ ពេលនេះកំពុងតែត្រូវបានផលិតកម្ម Galaxy បន្ដឲ្យចាប់ដៃជាមួយស្រីក្មេង កញ្ញាតន់ ច័ន្ទសីម៉ា បន្ទាប់ពីតារាខុសវ័យទាំង២ដួង ច្រៀងឆ្លងឆ្លើយគ្នាលើកដំបូង បទ ”កាត់ឆុង” ទទួលបានការគាំទ្រខ្លាំងនោះ ពេលនេះចេញបទថ្មី ”ប្រហុក”, ”រកស៊ីជាមួយយក្ស”, ”អរគុណកាមេរ៉ា” និងបទ ”មាន់កម្សត់”។

នេះជាលើកទី១ផងដែរ ដែលព្រាប សុវត្ថិ ចាប់ដៃគូច្រៀងក្នុងរយៈពេលខ្លីសោះ តែឆ្លងឆ្លើយដល់ទៅ៥បទជាប់គ្នា ខណៈដែលអំឡុងពេលដែលលោកច្រៀងនៅហង្សមាស ហើយមានដៃគូជាតារាចម្រៀងខ្លាំងៗ ដូចជា អ្នកនាងហ៊ឹម ស៊ីវន, ម៉េង កែវពេជ្ជតា, គឹម លក្ខិណា, ពេជ្រ សោភា, សុគន្ធ និសា និងឱក សុគន្ធកញ្ញា ជាដើមនោះ ព្រាប សុវត្ថិ មិនដែលសម្រុកច្រៀងជាមួយដៃគូចេញផ្ទួនៗគ្នាបែបនេះឡើយ។

ចំណែកអ្នកជំនាញសិល្បៈ លោកនូ ស៊ឹប បានប្រាប់មុននេះថា អាយុខុសគ្នារវាងព្រាប សុវត្ថិ និងតន់ ច័ន្ទសីម៉ា ក្នុងការធ្វើដៃគូគ្នានោះ អត់មានបញ្ហាចោទទេ ប៉ុន្ដែការច្រៀងឆ្លងឆ្លើយគ្នានៅពេលនេះ នឹងធ្វើឲ្យតារាចម្រៀងស្រី តន់ ច័ន្ទសីម៉ា កាន់តែល្បីនិងឡើងកូដជាងនេះថែមទៀតជាមិនខាន។

ដោយឡែក អ្នកចាត់ការទូទៅរបស់ផលិតកម្ម Galaxy លោកយឹម តាស្រង់ អះអាងថា ព្រាប សុវត្ថិ និងតន់ ច័ន្ទសីម៉ា ជាដៃគូដ៏ស័ក្កិសមបំផុត ហើយតារាទាំង២ មិនមែនច្រៀងតែ៥បទនេះទេ គឺមានបទជាច្រើនទៀតដែលបានត្រៀមរួចជាស្រេច។

តាមរយៈការរកបានដៃគូថ្មីជាស្រីក្មេង ហើយចេញសម្រុកម្ដង៥បទនេះ បញ្ជាក់ថា ព្រាប សុវត្ថិ ចង់ផ្ទុះជាមួយសីម៉ា នៅថ្ងៃចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ ប៉ុន្ដែគេមិនទាន់អាចដឹងថា ផែនការនេះបានសម្រេចឬយ៉ាងណា ខណៈដែលពេលនេះ លោកខេមរៈ សិរីមន្ដ កំពុងតែត្រូវបានហង្សមាស ប្រឹងលើកស្ទួយទាំងបទចម្រៀង និង MV ដើម្បីកុំឲ្យចាញ់អតីតតារារបស់ខ្លួន គឺលោកព្រាប សុវត្ថិ ៕

RELATED ARTICLES