ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក2នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ធ្វើការស្រាវជ្រាវតាមចាប់ ឃាត់ខ្លួនបានពាក់ព័ន្ធនឹងករណីលួច បន្ទាប់ពីជននេះធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងបាន សម្រេច រួចគេចខ្លួនបាន១ថ្ងៃ ប្រព្រឹត្តកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅចំណុចកន្លែងដាក់ម៉ូតូក្រុមហ៊ុនហុងកុងត្រេន ប្រូសឺវីស ផ្លូវសហពន្ធ័រុស្ស៊ី នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
បើតាមប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យមានគ្នា២នាក់ ម្នាក់គេចខ្លួនឈ្មោះ ម៉ៅ (មធ្យោបាយថ្មើរជើង)។
តាមចម្លើយសារភាពរបស់ជនសង្ស័យថា កាលពីម៉ោង១០និង៣២នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ពួកគេបានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿង ជារបស់ជនរងគ្រោះដែលទុក នៅចំណុចខាងលើ។

សមត្ថកិច្ចឱ្យដឹងដែរថា ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះហើយ សមត្ថកិច្ច បានបើកការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ សឿន សុខ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខយាមនៅចំណុចខាងលើ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ចំណែកម្ចាស់ម៉ូតូរងគ្រោះឈ្មោះ សាក ច័ន្ទណាវង្ស ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនហុងកុងត្រេន ប្រូសឺវីស ស្នាក់នៅផ្ទះលេខ១៨ ផ្លូវលេខ២៧៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
ប្រភពខាងលើបានឱ្យដឹងទៀតថា ម៉ូតូដែលជនសង្ស័យលួចយកទៅបាត់នោះ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខកំពង់ឆ្នាំង 1M-7223។
ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី និងស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកដែលរត់បាត់នោះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕