Thursday, July 10, 2025
Homeព័ត៌មានជាតិម្នាក់ៗគ្រាន់តែឃើញភ្លាម ស្ទុះស្ទារជួយ និងហៅសមត្ថកិច្ចមកកន្លែងកើតហេតុ

ម្នាក់ៗគ្រាន់តែឃើញភ្លាម ស្ទុះស្ទារជួយ និងហៅសមត្ថកិច្ចមកកន្លែងកើតហេតុ

ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះគំនរសំរាម និងគំនរកម្ទេចឈើនៅក្រោមផ្ទះ ផ្សែងហុយឡើងខ្មួលខ្មាញ់ពាសពេញផ្លូវ និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរខាង ព្រមទាំងសមត្ថកិច្ចមូលដ្ឋានរាយការណ៍ទៅជំនាញខាងរថយន្តពន្លត់អគ្គិភ័យ ចុះមកធ្វើអន្តរាគម៍បាញ់ពន្លត់ភ្លាមៗទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងក្រុមទី១ នៅក្នុងភូមិក្បាលទំនប់២ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។

បើតាមសមត្ថកិច្ចនគរបាលមូលដ្ឋាន បានប្រាប់ឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះសុខ ហ៊ុយ ភេទ ប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះលេខ១៨៧ ផ្លូវលេខ៣៧១ ស្ថិតក្នុងក្រុមទី១ ភូមិក្បាលទំនប់២ នៅក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ទីតាំងផ្ទះខាងលើយីហោ BT គ្រឿងសង្ហារិម មានផ្ទុកគំនរសំរាមនិងកម្ទេចឈើជាច្រើននៅខាងក្រោមផ្ទះ។ លុះនៅវេលាខាងលើ គេបានឃើញផ្សែងហុយខ្មួលខ្មាញ់ចេញពីបរិវេណក្រោមផ្ទះ ដោយពុំដឹងមូលហេតុ ហើយភ្លាមៗនោះ ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះឡើង លាយឡំជាមួយនឹងផ្សែង ទើបប្រជាពលរដ្ឋដែលរស់នៅក្បែរខាងភ័យស្លន់ស្លោ នាំគ្នាមកជួយនិងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ទាំងមន្ត្រីជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ ឱ្យចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗតែម្តង ។

ក្នុងប្រតិបត្តិការបង្ការពន្លត់អគ្គិភ័យខាងលើនេះ គឺមិនមានអ្នកណាម្នាក់រងរបួសនោះទេ ដោយអាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យ ជាច្រើននាក់ បានសហការជាមួយសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ ចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់យ៉ាងញាប់ដៃញាប់ជើងអស់ពីកម្លាំងកាយចិត្ត។

ក្នុងនោះដែរ សមត្ថកិច្ច ក៏ដូចជាក្រុមបង្ការនិងពន្លត់អគ្គិភ័យ បានប្រើប្រាស់ឡានទឹកអស់ចំនួន២ឡាន បាញ់ពន្លត់ឱ្យរលត់ទៅវិញ នៅវេលាម៉ោង១១និង៥០នាទីយប់ មិនបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះ និង ទ្រព្យសម្បត្តិ ឬផ្ទះអ្នកក្បែរខាងនោះទេ ហើយក៏គ្មាននរណាម្នាក់រងរបួសដែរ៕

RELATED ARTICLES