តារាចម្រៀងករុណា ពេជ្រ នៅតាំងចិត្តធ្វើការងារសប្បុរសធម៌ឲ្យខានតែបាន ទោះជាពេលនេះស្ថានភាពជំងឺរបស់ឪពុកលោកកាន់តែដុនដាប ហើយចូលលបន្ទប់សង្រ្គោះបន្ទាន់ក៏ដោយ ត្បិតការងារនោះ លោកបានរៀបចំរួចរាល់ មុនពេលលោកឪពុកចូល មន្ទីរពេទ្យ ដូច្នេះហើយអ្វីៗត្រូវបន្តធ្វើរហូតចប់ចុងចប់ដើមតែម្តង មិនអាចចោលកណ្ដាលទីបានទេ។

យោងតាមការបង្ហាញតាមហ្វេសប៊ុក តារាចម្រៀងករុណា ពេជ្រ រួមជាមួយនឹងសប្បុរជន ក្នុងនិងក្រៅប្រទេស បានរួមគ្នារៀបចំទិវានៃក្តី ស្រលាញ់ ចំពោះតាស៊ីក្លូ នៅថ្ងៃទី០៤ ខែកុម្ភៈ ខាងមុខនេះ ដោយអញ្ជើញពួកគាត់ជាង៣០០នាក់ មកពីសមាគមស៊ីក្លូ កម្ពុជា ដោយទទួលទានអាហារមួយពេល នៅភោជនីយដ្ឋាន វី ហ្វ្រេន ក្រោយពីការទទួលទាន អាហារនោះ ក៏មានចែកអំណោយជាសម្ភារៈបន្ថែម រួមជាមួយនឹងថវិកាផងដែរ ។

អ្វីៗក៏បានរៀបចំតាមការគ្រោងទុក ប៉ុន្តែអ្វីដែលគ្រប់គ្នាស្ងប់ស្ងែងនោះ គឺករុណា ពេជ្រ បានជួបរឿងមិនសូវសប្បាយចិត្តមួយ ព្រោះតែអកុសល លោកឪពុកដែលឈឺសម្រាកតែនៅលើគ្រែនោះ បែរជាមានអាការៈកាន់តែធ្ងន់ រហូតត្រូវដឹកយកមកសង្គ្រោះបន្ទាន់ម្តងទៀត។

បន្ទុកកាន់តែធ្ងន់បន្ថែមទៀត ព្រោះតែជាកូនទោលក្នុងគ្រួសារ លោកករុណា ពេជ្រ ត្រូវរែកពន់គ្រប់បែបយ៉ាង គ្រាដែលលោកឪពុកឈឺធ្ងន់នោះ គឺលោកត្រូវបង្ខំចិត្តលក់ផ្ទះ នៅសំរោងអណ្តែត រួចមក រស់នៅផ្ទះម្តាយ ទម្រាំផ្ទះថ្មីដែលសាងសង់នោះបានរួចរាល់ ។

រើផ្ទះជាមួយឪពុក មិនទាន់បានប៉ុន្មានផង ផ្ទះដែលស្នាក់នៅបណ្តោះអាសន្ននោះ ត្រូវរើ បន្តទៀត ដោយការលក់ដូរបន្ទាន់របស់អ្នកម្តាយដែលរស់នៅប្រទេសបារាំង ហេតុនេះហើយធ្វើឲ្យករុណា ពេជ្រ កាន់តែមមាញឹកទៅលើការរៀបចំផ្ទះសម្បែង ធ្វើកិច្ចការសប្បុរសធម៌ និងមើលថែឪពុកតែម្នាក់ឯង៕


