Thursday, July 10, 2025
Homeព័ត៌មានជាតិមិនដកឆ្នាំងសាកទូរស័ព្ទចេញពីព្រីភ្លើង រោងចក្រតម្បាញឆេះខ្ទេច

មិនដកឆ្នាំងសាកទូរស័ព្ទចេញពីព្រីភ្លើង រោងចក្រតម្បាញឆេះខ្ទេច

ខេត្តបន្ទាយមានជ័យ ៖ អតីតរោងចក្រតម្បាញមួយកន្លែង ត្រូវបានអគ្គភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយសារទុស្សេឆ្នាំងសាកទូរស័ព្ទ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាទៀបភ្លឺឈានចូលព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចរោងចក្រតម្បាញជាប់ដងផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ហេតុការណ៍អគ្គិភ័យខាងលើនេះបង្កឱ្យខូចខាតរួមមាន ម៉ាស៊ីនដេរប្រហែល៤០គ្រឿង ម៉ាស៊ីនផុងប្រហែលជាង៣០០គ្រឿង កង្ហាបញ្ឈរធំប្រហែល៤០គ្រឿង ក្រណាត់ប្រហែល២០០ការ៉ុង ដែកថ្ពក់ខោអាវប្រហែល៦០កេស ឧបករណ៍ប្រើប្រាស់និងឯកសាផ្សេងៗមួយចំនួនទៀត ប៉ុន្តែពុំមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ទេ។

តាមប្រភពពីឈ្មោះពៅ ធូ ភេទប្រុស ជាអ្នកស្នាក់នៅកន្លែងកើតហេតុ បានប្រាប់សមត្ថកិច្ចថា ករណីអគ្គិភ័យឆាបឆេះនេះគឺកើតឡើងដោយសារទុស្សេឆ្នាំងសាកទូរស័ព្ទ បណ្តាលឱ្យរាលដាលឆាបឆេះរោងចក្រតែម្តង។

នៅពេលហេតុការណ៍អគ្គិភ័យខាងលើកើតឡើង អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្រុងប៉ោយប៉ែតបានចុះមកជួយអន្តរាគមន៍ ដោយហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងជារបស់ក្រុមហ៊ុនកាស៊ីណូ ក្រុមហ៊ុនឯកជន និងរថយន្តពន្លត់អគ្គីភ័យរបស់អង្គភាពអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតផងដែរ។

ក្រៅពីនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏បានបញ្ជារថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកមង្គលបូរី ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ដើម្បីជួយបាញ់ពន្លត់ផងដែរ។

អគ្គីភ័យខាងលើបានរលត់ទាំងស្រុងនៅម៉ោងប្រហែល៥ទៀបភ្លឺព្រឹកថ្ងៃដដែល ប៉ុន្តែមិនទាន់ដឹងពីទំហំនៃការខូចខាតនៅឡើយទេ។ សូមបញ្ជាក់ថា រោងចក្រតម្បាញខាងលើបានផ្អាកដំណើរការតាំងពីឆ្នាំ២០០៦មកម៉្លេះ៕

RELATED ARTICLES