ខេត្តពោធិ៍សាត់ ៖ ក្មេងប្រុសអាយុ២ខួបម្នាក់ ឆ្លៀតពេលឪពុកម្តាយរវល់ការងារភ្លេចខ្លួន ក៏បានដើរទៅលេងនៅក្បែរមាត់ស្រះ រួចក៏រអិលជើងធ្លាក់ចូលស្រះទឹក បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចចម្ការភ្នំ ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ។

ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះផា វណ្ណៈ អាយុ២ខួប មានឪពុកឈ្មោះខ្លី ផា និងម្តាយឈ្មោះឆ្លូញ ខ្លី និងមានលំនៅ ក្នុងភូមិឃុំកើតហេតុខាងលើ។
តាមការរៀបរាប់ពីឪពុកម្តាយរបស់ក្មេងប្រុសរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ ទាំង២នាក់ប្តីប្រពន្ធ បានទុកឱ្យកូន ប្រុសឈ្មោះផា វណ្ណៈ (ក្មេងប្រុសរងគ្រោះ) ឱ្យដើរលេងក្បែរៗផ្ទះដូចសព្វមួយដង រីឯពួកគាត់រវល់កាប់ដំឡូងមីហាលនៅឯខាងក្រោយផ្ទះ ចម្ងាយប្រហែល១០០ម៉ែត្រ លុះក្រោយពីភ្លេចខ្លួនមួយភ្លែតមិនបានមើលត្រឹមត្រូវ កូនប្រុសដែលទើបនឹងចេះដើរតេះតះៗ ក៏បានដើរទៅលេងនៅក្បែរមាត់ស្រះ រួចក៏ធ្លាក់ចូលទឹកបាត់ខ្លួនតែម្តង។

ប្រភពដដែលបន្តថា លុះពេលរកមើលកូនប្រុសអត់ឃើញ ដោយសង្ស័យថាកូនដើរធ្លាក់ទឹក ក៏ស្ទុះចុះទៅរាវរកនៅស្រះទឹកចំហៀងផ្ទះប្រហែល៣០ម៉ែត្រ ស្រាប់តែប្រទះឃើញកូនប្រុសលង់ទឹកស្លាប់បាត់ទៅហើយ ធ្វើឱ្យមានការភ្ញាក់ផ្អើលឆោឡោពេញភូមិ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ដោយសារឪពុកម្តាយមានការធ្វេសប្រហែស។

សាកសពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕